វីរភាពដឹកនាំ ឬភាពជាអ្នកដឹកនាំ ត្រូវបានគេផ្ដល់និយមន័យ ជាច្រើនផ្សេងៗគ្នា ។ លោក ភីទ័រ ដ្រាក់ (Peter Drucker) បានផ្ដល់អត្ថន័យ ថា វីរភាពដឹកនាំគឺជា "អំពើទាំងឡាយណា ដែលជះឥទ្ធិពល ទៅលើសកម្មភាពឬអាកប្បកិរិយារបស់អ្នកដទៃ ក្នុងការសម្រេចឲ្យបាននូវគោលដៅណាមួយ" ។
នៅសម័យមុនអង្គរ គេតែងឮអំពីវីរភាពដឹកនាំ របស់ព្រះនាងលីវយី(ឬឧមា) ដែលដឹកនាំនគរគោកធ្លក ឲ្យរីកចម្រើន ។ រីឯក្នុងសម័យអង្គរដ៏រុងរឿងវិញ គេទទួលស្គាល់អំពីការជះឥទ្ធិពល ក្នុងការដឹកនាំ របស់ព្រះនាង ឥន្ទ្រទេវី ដែលជាព្រះរាជអគ្គមហេសី របស់ព្រះមហាវីរក្សត្រដ៏ឆ្នើមរបស់ខ្មែរ គឺព្រះបាទជ័យវរ្ម័នទី៧ ។ ក្នុងរអក្សរសាស្ត្រ ការប្រើពាក្យ "មេ" សំដៅ "ធំ" ឬ "មានអំណាច" ជាអាទិ៍ មេគ្រួសារ មេដឹកនាំ ឬសំដៅទៅលើភេទស្រី ដូចជា មេផ្ទះ មេបា នោះបានបង្កប់អត្ថន័យ នៃរបបមាតាធិបតេយ្យ ដែលគេទទួលស្គាល់លើ វីរភាពដឹកនាំដ៏មានប្រសិទ្ធភាពរបស់ស្ត្រី ។
វីរភាពដឹកនាំរបស់ស្ត្រី មានភាព ទន់ភ្លន់ និងប្រកបដោយប្រសិទ្ធភាព។ ស្ត្រីមានភាពអត់ធ្មត់ខ្លាំង និងមានរបៀបដឹកនាំមានលក្ខណៈសហការ និងយោគយល់អ្នកនៅជុំវិញខ្លួន និងអ្នកក្រោមឱវាទ ពោលគឺ ខុសប្លែកពីរបៀបដឹកនាំរបស់បុរស ដែលមានលក្ខណៈប្រកួតប្រជែង ប្រើអំណាច និងមិនលាយឡំមនោសញ្ចេតនា នេះបើយោងតាម អត្ថបទស្រាវជ្រាវស្ដីពី យេនឌ័រនិងរបៀបដឹកនាំ ដែលអង្គការវិទ្យាស្ថានបើកទូលាយ បានលើកយកមកពិភាក្សាកន្លងមក ។
គេឃើញមាន កិច្ចប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពីសំណាក់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ។ ចំនួនស្ត្រី ចូលរួមក្នុងនយោបាយ កើនឡើងគួរឲ្យកត់សម្គាល់ ។ ចំនួនស្ត្រីតំណាងរាស្ត្របានកើនពី ៤% នៅ ១៩៩៣ ទៅ ២៧% នៅឆ្នាំ២០០៨ នេះបើតាមទិន្នន័យរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ។ ភាគរយស្ត្រី ដែលមានតំណែងចាប់ពីរដ្ឋលេខាធិការឡើងទៅ មានចំនួន ៦% នៅអាណត្តិទី៤(ឆ្នាំ២០០៨)នេះ គឺប្រសើរជាងអាណត្តិមុនៗ ក្នុងនោះមានស្ត្រីមួយរូប កាន់មុខ តំណែងជាឧបនាយករដ្ឋមន្ត្រី ។
ទោះជាយ៉ាងនេះក្ដី កត្តាវប្បធម៌សង្គម និងគ្រួសារ បាននិងកំពុងរាំងស្ទះដល់ការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នក ដឹកនាំ និងភាពវិជ្ជមាននៃរបៀបដឹកនាំរបស់ស្ត្រីដែលគួរត្រូវបានគេមើលឃើញ ថា មានប្រសិទ្ធភាពខ្ពស់។ ទស្សនៈដែលថាបុរសជាអ្នកដឹកនាំមានភាពស្វាហាប់ មានទស្សនៈវិស័យវែងជាងស្ត្រី និងមិនលាយឡំមនោសញ្ចេតនា បានធ្វើឲ្យសង្គមទូទៅភាគច្រើន គាំទ្របុរសជាអ្នកដឹកនាំ ជាជាងស្ត្រី។ ផ្នត់គំនិតវិសមភាពយេនឌ័រ ឬការមិនឲ្យតម្លៃស្ត្រីស្មើនឹងបុរស ក៏បានបង្កភាពលំបាកដល់ស្ត្រីក្នុងការបំពេញតួនាទីជាអ្នកដឹកនាំ ផងដែរ ដោយសារបុរសយល់ថា ពួកគាត់ទើបសមជាអ្នកដឹកនាំ។ ស្ត្រីមួយចំនួនដែលមានបន្ទុកគ្រួសារ ក៏មានការប្រឈមខ្លាំងក្នុងការបំពេញតួនាទីរបស់ខ្លួនដែរ ដោយសារខ្លួនត្រូវបំពេញការងារទ្វេរដង ហើយករណីខ្លះ បុរសជាស្វាមីមិនគាំទ្រ និងមិនពេញចិត្តកាលដែលភរិយាខ្លួនមានឋានៈសង្គមខ្ពស់ជាងពួកគាត់។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយមានចំណាប់អារម្មណ៍ថា ការដឹកនាំគឺជាសិល្បៈមួយដែលមានធាតុផ្សំពីរគឺ ចំណេះដឹងនិងទេពកោសល្យ។ លោកស្រីបន្តថា ចំណេះដឹងយើងបានមកពីរៀននៅសាលាឬតាមការអាន ចំណែកឯទេពកោសល្យ វិញគឺបានមកពីភាពប៉ិនប្រសព្វរបស់បុគ្គល។ សិល្បៈនៃការដឹកនាំមានភាពស្មុគស្មាញនិងអាស្រ័យទៅលើកត្តាជា ច្រើន។
លោកស្រីបានជម្នះរាល់ការលំបាក ដឹកនាំអង្គការ ប្រកបដោយទេពកោសល្យ និងលទ្ធផលវិជ្ជមាន ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី តាមរយៈ កម្មវិធីស្ត្រី ដែលប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។
សរុបមក ដើម្បីឈានទៅលើកស្ទួយសមភាពយេនឌ័រ ក្នុងសង្គមខ្មែរ យើងត្រូវបន្តផ្សព្វផ្សាយផ្ដល់ព័ត៌មានដល់ស្ត្រីសំដៅពង្រឹង ភាពអង់អាចដល់ស្ត្រី ដូចជាកម្មវិធីស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយ ជាដើម ។ ជាងនេះទៅទៀតសមភាពយេនឌ័រទាមទារនូវការជំរុញការចូលរួមរបស់ ស្ត្រីក្នុងនយោបាយឲ្យកាន់តែច្រើន តាមរយៈការដាក់ចេញនូវនីតិវិធីតម្រូវឲ្យមានកូតាស្ត្រីចូលរួម ជាក់លាក់ ដូចដែលប្រទេសជាង១០០កំពុងអនុវត្តក្នុងទម្រង់ជានីតិវិធីធម្មនុញ្ញ ច្បាប់បោះឆ្នោត ឬក៏កូតាតាមគណបក្ស ។ ឧទាហរណ៍ ប្រទេសស៊ុយអែត មានកូតាគណបក្សសមាជិកជាស្ត្រី៥០% ខណៈដែល រដ្ឋធម្មនុញ្ញប្រទេសរ្វ៉ាន់ដាតម្រូវឲ្យមានកូតាស្ត្រីជាតំណាង រាស្ត្រ ៣០%។
No comments:
Post a Comment