លោក​ជំទាវ​រដ្ឋ​មន្ត្រីៈ “ស្ត្រី​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្តូរ”



ធនាគារ​ពិភពលោក ​បាន​កំពុង​ជួយ កម្ពុជា លើកកម្ពស់​ឱកាស​សេដ្ឋកិច្ច សម្រាប់​ស្ត្រី ​ដោយ​វិនិយោគ​លើ​ ការ​បង្កើត​ការងារ ​សិទ្ធិ​លើ​ដី​ធ្លី សេវាកម្ម ហិរញ្ញវត្ថុ វិស័យកសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។ ព្រឹត្តិបត្រ ព័ត៌មាន ធនាគារ​ពិភពលោក​ប្រចាំ ​ខែ​បាន​ជួប​សម្ភាសន៍ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ នារី ស្ដី​ពី​បញ្ហា​យេនឌ័រ​នៅ​កម្ពុជា ។
 
សូម​លោក​ជំទាវ​ជម្រាប​អំពី​ស្ថានភាព យេនឌ័រ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?
យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល កម្ពុជា​សម្រាប់​កំណើន ការងារ សមធម៌ និង ប្រសិទ្ធិ​ភាព បាន​ទទួល​ស្គាល់​សមធម៌​យេនឌ័រ ដែល​ជា​គន្លឹះ​មួយ​នៃ​ការ​កសាង​សមត្ថភាព និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ សម្ដេច នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា "ការ​វិនិ-យោគ​លើ​ស្ត្រី គឺ​ជា​ការ​វិនិយោគ​លើ​សង្គម ទាំង​មូល"។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧ ក្រសួង​កិច្ចការ​នារី​បាន​ធ្វើការ​យ៉ាង​ច្រើន​លើ​ការ​លើក​កម្ពស់​សមភាព​ យេនឌ័រ​ក្នុង​វិស័យ និង​គ្រប់​កម្រិត តាម​រយៈ​ផែនការ ៥​ឆ្នាំ​ជា​បន្តបន្ទាប់​មាន​ដូច​ជា នារី​រតនៈ I, II និងIII។ ក្រសួង​កិច្ចការ​នារី បាន​ដើរ​តួ​យ៉ាង​សកម្ម ក្នុង​ការ​ធានា​បាន​នូវ​ការ​ដាក់​ចូល​ក្តី​បារម្ភ​លើ​សមភាព​យេនឌ័រ​ទៅ​ក្នុង ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (NSDP) (២០០៦ឥ២០១០) ក្នុង​បច្ចុប្បន្ន​ភាព NSDP និង​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​កម្ពុជា។
ក្រសួង​កិច្ចការ​នារី ក៏​បាន​ខិតខំ​កសាង សមត្ថភាព​លើ​ការ​បញ្ជ្រាប​យេនឌ័រ នៅ​តាម គ្រប់​វិស័យ និង​ស្ថាប័ន​នានា ដោយ​បង្កើត​ក្រុម សកម្មភាព​បញ្ជ្រាប​យេនឌ័រ និង​ផែនការ សកម្មភាព​បញ្ជ្រាប​យេនឌ័រ​ក្នុង​ក្រសួង​ដែល ពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សារដ្ឋមន្ត្រី និង លេខាធិការដ្ឋាន​សេវាកម្ម​ស៊ីវិល​នានា ។ ការ បញ្ជ្រាប​យេនឌ័រ គឺ​ជា​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​បាន​សមភាព​យេនឌ័រ។
ក្រសួង​កិច្ចការ​នារី គឺ​ស្ថិត​ក្នុង​ចំណោម ក្រសួង​នានា ដែល​កំពុង​សាកល្បង​ការ​ផ្លាស់ប្ដូរ ពី​ថវិកា​តាម​គម្រោង ទៅ​ជា​ថវិកា​តាម​កម្មវិធី​វិញ ។ នារី​រតនៈ​ទី ៣ នឹង​រៀប​ចំ​យុទ្ធសាស្ត្រ មូលដ្ឋាន​សម្រាប់​កម្មវិធី​ខាងមុខ ដោយ​ផ្អែក ទៅ​លើ​យេនឌ័រ។
ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​អនុម័ត​ហើយ​ដែល​ច្បាប់​ទាំង​នោះ​បាន​ការពារ​ ផលប្រយោជន៍​ដល់​ស្រ្តី ដូចជា ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ការពារ​ជន​រង​គ្រោះ (ឆ្នាំ ២០០៥) និង​ច្បាប់​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​និង​កេង​ប្រវ័ញ្ច​ផ្លូវភេទ (ឆ្នាំ​ ២០០៨)។
បន្ថែម​ពី​លើ​នេះ ច្បាប់​បោះឆ្នោត ក្រម​និតី វិធី​ពលកម្ម ឆ្នាំ ១៩៩៧) ច្បាប់​ភូមិ​បាល (ឆ្នាំ ២០០១) និង​ច្បាប់​អង្គការ​ដែល​ទាក់​ទិន​នឹង កម្មវិធី​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ បាន​ចែង អំពី​ភាព​ស្មើគ្នា​នៃ​យេនឌ័រ។ យេនឌ័រ​ត្រូវ​បាន បញ្ជ្រាប​យ៉ាង​ជោគ​ជ័យ​ក្នុង​ដំណើរ​កំណែ ទម្រង់​
របស់​រដ្ឋាភិបាល​ដែល​កំពុង​តែ​អនុវត្ត ដូចជា កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និង កម្មវិធី​កំណែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ និង​កម្មវិធី​វិមជ្ឈការ និង​វិសហ-មជ្ឈការ​ដែល​គាំទ្រ​ដោយ​ច្បាប់​អង្គការ។
ពេល​ដែល​យើង​និយាយ​អំពី​បញ្ហា យេនឌ័រ មាន​មនុស្ស​ជា​ច្រើន​មិនទាន់ យល់​ច្បាស់​អំពី​ពាក្យ​បច្ចេកទេស​នេះ។ សូម​លោកជំទាវ មេត្តា​ពន្យល់​ផង?
ពាក្យ "យេនឌ័រ" គឺ​និយាយ​យោង​ទៅ​ដល់ ចរិត​លក្ខណៈ​របស់​បុរស និង​ស្ត្រី ដែល​សង្គម កំណត់ និង​ដែល​អាច​រៀន​សូត្រ​បាន​ព្រម​ទាំង អាច​ផ្លាស់​ប្ដូរ​បាន​គ្រប់​ពេល។ ប្រសិន​បើ​យើង និយាយ​ផ្ដោត​លើ​តែ​ស្ត្រី នោះ​វា​ជា​បញ្ហា​ស្ត្រី មិនមែន​ជា​បញ្ហា​យេនឌ័រ​ទេ។ ទោះ​ជា​យ៉ាង ណា​ក្ដី នៅ​ប្រទេស​កម្ពុជា​យើង ពេល​ដែល​ពួក គាត់​និយាយ​អំពី​បញ្ហា"យេនឌ័រ" គឺ​សំដៅ​ទៅ លើ​តែ​បញ្ហា​ស្ត្រី ដោយ​សារ​ថា ស្ត្រី​ទទួល​រង ការ​រើស​អើង​ច្រើន​ជាង។ យើង​ក៏​ដឹង​ដែរ​ថា នៅ​ពេល​ដែល​សង្គម​មាន​ការ​វិវត្ត ការ​ផ្លាស់​ប្តូរ តួនាទី​របស់​បុរស និង​ស្ត្រី ក៏​កើត​មាន​ដែរ។ យើង​មិន​អាច​រំពឹង​ថា ស្ត្រី​នៅ​តែ​មាន​តួនាទី ដូច​អ្វី​ដែល​មាន​តាំង​ពី​យូរ​លង់​មក​ហើយ​នោះ ទេ ហើយ​ពិត​ណាស់​គឺ​ពួក​គាត់​បាន​ផ្លាស់​ប្ដូរ ច្រើន​មក​ដល់​ពេល​នេះ។ ប៉ុន្តែ វា​នៅ​តែ ទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​លើ ទស្សនៈ តម្លៃ និង​សេចក្ដី​សង្ឃឹម ដើម្បី​ធានា ឱ្យ​បាន​ថា ស្ត្រី និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា។
នេះ​ជា​​ហេតុផល​ដែល​បង្កើត​ឱ្យ​មាន​ក្រសួង កិច្ចការ​នារី។ ប៉ុន្តែ​នៅ​ពេល​គេ​ទទួល​ស្គាល់​ថា ស្ត្រី​គឺ​ងាយ​រងគ្រោះ​បំផុត​នៅ​ស្ទើរ​គ្រប់​ផ្នែក យើង​ត្រូវ​តែ​ឱ្យ​បុរស និង​យុវជន​ចូលរួម​ក្នុង ដំណើរ​វិវត្ត​នេះ ហើយ​ក្រសួង​កិច្ចការ​នារី បាន ប្ដេជ្ញា​ចំពោះ​គោលការណ៍​នេះ។
ហេតុអ្វី​បាន​ជា​បញ្ហា​យេនឌ័រ​មាន​សារ ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​?
សមិទ្ធិផល​នៃ​ការ​ទទួល​បាន​សមភាព​យេនឌ័រ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស។ បុរស និង​ស្ត្រី គឺ​ជា​ដៃគូ សម្រាប់​ការ​អភិវឌ្ឍ។ នៅ​ប្រទេស​កម្ពុជា ស្ត្រី មាន​ចំនួន ៥២ ភាគរយ នៃ​ចំនួន​ប្រជាជន សរុប។ ប៉ុន្តែ ដោយ​សារ​បុរស​ទទួល​បាន ទ្រព្យធន អត្ថប្រយោជន៍ និង​ការ​សម្រេច​ចិត្ត ប្រសើរ​ជាង​ស្ត្រី យើង​បាន​បាត់បង់​ស្ត្រី​ក្នុង​ការ ចូលរួម​អភិវឌ្ឍ។ អ្នក​ខ្លះ​អាច​និយាយ​បាន​ថា ស្ត្រី​មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ ថែម​ទាំង​ត្រូវ​បាន គេ​ប្រើប្រាស់​ទៀត។ ខ្ញុំ​ជឿជាក់​ថា នៅ​ពេល ដែល​ប្រទេស​មួយ មាន​ស្ត្រី និង​បុរស ចូលរួម យ៉ាងសកម្ម ហើយ​ស្មើភាព​គ្នា​ក្នុង​ការ​អភិវឌ្ឍ នោះ ការ​អភិវឌ្ឍ​នឹង​មាន​ដំណើរ​យ៉ាង​លឿន។
ដូចនេះ សមិទ្ធផល​នៃ​ការ​ទទួល​បាន​ពី សម​ភាព​យេនឌ័រ គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការអភិវឌ្ឍ​ជា​ទូទៅ។ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការទទួល​បានសមិទ្ធិផល​សមភាព​យេនឌ័រ គឺ​ដើរទៅមុខ​ទន្ទឹមគ្នា។
តើ​កម្មវិធី ឬ​សកម្មភាព​ជា​អាទិភាព អ្វីខ្លះ ដែល​ក្រសួង​របស់​លោកជំទាវ កំពុង​តែ​រៀបចំ ឬ​ក៏​សម្រប​សម្រួល​ដើម្បី លើក​កម្ពស់​បញ្ហាយេនឌ័រ​នៅកម្ពុជា?
ក្រសួង​កិច្ចការ​នារី កំពុង​អនុវត្ត​ផែនការសកម្មភាពជាតិប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី ដូច​ជា​យុទ្ធនាការ​ទប់ស្កាត់ ការផ្សព្វផ្សាយ ព័ត៌មាន និង​អប់រំ ដល់​សាធារណៈ​ជន និង​អ្នកអនុវត្តច្បាប់។ យើង​ចូលរួម​យ៉ាង​សកម្មក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី "ការអប់រំ​ដើម្បី​ទាំងអស់​គ្នា" ដោយ​លើក​ទឹក​ចិត្ត ចំពោះ​សិស្ស​ស្រី​ឱ្យ​បាន​ចូលរៀន​នៅ​កម្រិត វិទ្យាល័យ។ យើង​កំពុង​តែ​ដោះស្រាយ​អត្រា មរណភាព​របស់​ម្តាយ​ជុំវិញ​ការ​បង្ក​កំណើត និង​អត្រា​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជម្ងឺអេដស៍ ពី​ប្តី​ទៅ​ប្រពន្ធ និង​ពី​ម្តាយ​ទៅ​កូន។ គោល នយោបាយ​ក្រសួង គឺ​ផ្តោត​ទៅ​លើ​ការ​បង្កើន ភាព​អង់អាច​ដល់​ស្ត្រី​ជា​ជាង​គិតថា​ស្ត្រីជា អ្នក​ងាយ​រង​គ្រោះ និង​ជា​ជន​រងគ្រោះ។ វា​គឺ ជា​ហេតុផល ដែល​យើង​ផ្តោត​លើការបង្កើន ភាព​អង់អាច​ដល់​ស្ត្រី​លើ​ផ្នែក​សេដ្ឋកិច្ច ជាមួយ​នឹងសកម្មភាពដែលទាក់ទងភាពជា សហគ្រិន​របស់​ស្ត្រី បង្កើត​ការងារ​ត្រឹមត្រូវ សម្រាប់​ស្ត្រី បណ្តុះបណ្តាល​ជំនាញ​ដល់​ស្ត្រី មធ្យោបាយ​ទទួល​បាន​ហិរញ្ញវត្ថុ និង​ការ​ការពារ​សិទ្ធិ​កម្មការនី​ចំណាកស្រុក។
តើ​មាន​សមិទ្ធិ​ផល​អ្វីខ្លះ​ដែល​ទទួល​បាន?
ក្នុង​បឋម​សិក្សា​ពេល​នេះ​ គម្លាត​យេនឌ័រ​ហាក់​ដូច​ជា​គ្មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរៀន​របស់​កុមារា និង​កុមារី។ ក្នុង​កម្រិត​អនុវិទ្យាល័យ​ គម្លាត​នេះ​គឺ​បាន​ថយ​ចុះ​ច្រើន​ហើយ​ការ​កសាង​អាគារ​ស្នាក់់​នៅ​សម្រាប់​ សិស្ស​ ជាពិសេស​សិស្ស​ស្រី និង​ការ​កើន​ឡើង​ចំនួន​គ្រូ​ជា​ស្ត្រី ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​បង្រួម​គម្លាត​នេះ​ដែរ។ នៅ​កម្រិត​ឧត្ដម​សិក្សា​វិញ​គម្លាត​នៅ​មាន​ទំហំ​ធំ បើ​ទោះ​ជា​មាន​ការ​ថយ​ចុះ​ច្រើន​ក្តី ។
សមិទ្ធិ​ផល​សំខាន់​មួយ​ទៀត គឺ​វិស័យ​អប់រំ​បាន​បញ្ចូល​សមធម៌​យេនឌ័រ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ របស់ខ្លួន ។ ប្រសិន​បើ​យើង​ចង់​ផ្លាស់ ប្ដូរ​ផ្នត់​គំនិត​របស់​ប្រជាជន យើង​គួរ​ចាប់​ផ្ដើម ពី​បឋម​សិក្សា​ឡើង​ទៅ ដោយ​យើង​មិន​បាច់ រង់ចាំ​រហូត​ដល់​ពួកគេ​ធំ​នោះ​ទេ។
ចំនួន​ស្ត្រី​ចូលរួម​ក្នុង​ការងារ​សម្រេច​ចិត្ត មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ទាំង​នៅ​ក្នុង ស្ថាប័ន​បញ្ញត្តិ និង​ស្ថាប័ន​ប្រតិបត្តិ ព្រម​ទាំង នៅ​​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ។ ស្ត្រី​ដែលជា​សមាជិក​សភាមាន ២១ ភាគរយ (៥ភាគ- រយ​នៅ​ឆ្នាំ ១៩៩៣)។ ទោះ​ជា​យ៉ាងណាក៏ ដោយ គោលដៅ​អភិវឌ្ឍ​សហសវត្ស​យើង បាន​កំណត់​ឱ្យ​បាន​ស្ត្រី ៣០ ភាគរយ ជា​សមាជិក​សភា និង​ព្រឹទ្ធសភា នៅឆ្នាំ ២០១៥។ នៅ មាន​ការងារ​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ។ ក្រោម​ការ​ណែនាំ​ពី​សម្តេច​នាយករដ្ឋមន្ត្រី ដែល​មាន​ប្រសាសន៏​ថា រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ ត្រូវ​តែ​ទុក​កន្លែង​សម្រាប់​មន្ត្រី ជា​ស្ត្រីពី ២០ ទៅ ៥០ ភាគរយ សម្រាប់​តួនាទី ថ្មី។ កន្លែង​ទាំង​នោះ​ដាច់​ខាត​មិន​អាច​ជំនួស ដោយ​បុរស​បានទេ។
ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ ក្រសួង កិច្ចការនារី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុង​ការ​ធ្វើ​វិសោធន្ធកម្ម និង​តាក់តែង​បទ បញ្ញត្តិ​ដែល​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍ ដល់​ស្ត្រី ។ ពិសេស​ជាងនេះ​ទៅទៀត ស្ត្រី​អាច ទទួល​បាន​ភាព​យុត្តិធម៌ ហើយ​ជន​ដៃដល់​ត្រូវ ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ ក្រសួង​មហាផ្ទៃ កំពុង​តែ​រៀបចំ​ផែនការ ដើម្បី​បង្កើន​ចំនួន​ស្ត្រី ក្នុង​ជួរមន្ត្រី​ប៉ូលីស ដែល​ពួក​គាត់​អាច​ជួយ ការពារ និង​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ពី​អំពើ​ហឹង្សា នានា។
យើង​ក៏​បាន​សាងសង់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ចំនួន ៧ និង​ជួសជុល​អគារ​ដែល​មាន ស្រាប់​មួយ​ចំនួន។ យើង​មាន​មជ្ឈមណ្ឌល គោល​ចំនួន ១២ នៅ​ទូទាំង​ប្រទេស។ មជ្ឈមណ្ឌល​ទាំងនោះ ដើរ​តួយ៉ាង​សំខាន់​ក្នុងការផ្តល់​ការ​បណ្តុះបណ្តាល​ទីផ្សារ និង​សេវាកម្ម អភិវឌ្ឍន៍​មុខ​ជំនួញ​ដល់​ស្ត្រី​នៅ​ជនបទ។
តើ​អ្វី​ជា​ចំណុច​ប្រឈម​ដែល​ក្រសួង លោក​ជំទាវ​កំពុង​ជូបប្រទះ​ក្នុង​ដំណើរ ការ​ដោះស្រាយ​បញ្ហា​យេនឌ័រ​នេះ?
រដ្ឋសភា​ជាតិ និង​រដ្ឋាភិបាល បាន​អនុម័ត ច្បាប់ ​និង​បទដ្ឋាន​មួយ​ចំនួន​ទាក់ទិន​នឹង​ស្ត្រី ប៉ុន្តែ​ការអនុវត្ត​ច្បាប់​ទាំង​នោះ​នៅ​មាន​បញ្ហា ប្រឈម។
ក្នុង​ឆាក​នយោបាយ​ និង​រដ្ឋបាល​សាធារណៈ បើ​ទោះ​បី​ជា​យើង​ឃើញ​ថា​មាន​ការ​កើនឡើង ចំពោះ​ការចូលរួម​របស់​ស្ត្រី ប៉ុន្តែ​ចំនួន​នៃ ការ​ចូលរួម​នេះ នៅ​មាន​តិចតួច​នៅ​ឡើយ។ យើង​នៅ​បន្ត​ពិនិត្យ​មើល​ផង​ដែរ លើ​តំណាង ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដោយ​នៅ​ពេល នេះ មាន​ចំនួន​តិចតួច​បំផុត។ ជា​ឧទាហរណ៍ មាន​ស្ត្រី ៣ ភាគរយ ក្នុង​តួនាទី​ជា​ព្រះ​រាជ​អាជ្ញា និង ២ ភាគរយ ជា​ព្រះរាជ​អាជ្ញា​រង​ហើយ​មានតែ ១៣ ភាគរយ ជា​ចៅក្រម។
ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់ ស្ត្រី​នៅ​តែ​មាន​ចំណុច​ដ៏​គួ​ឱ្យ​បារម្ភ។ ភាគច្រើន នៃ​ថៅកែ ឬ​ប្រធាន​សហគ្រាស​នានា ដែល ស្ថិត​ក្នុង​វិស័យ​ក្រៅផ្លូវការ គឺជា​ស្ត្រី។ ដូចនេះ ហើយ​យើង​កំពុង​តែ​ព្យាយាម​ធ្វើយ៉ាងណាធានា​ថា គោលការ​របស់​រដ្ឋាភិបាល​បានយក ចិត្ត​ទុកដាក់​ដល់វិស័យ​សេដ្ឋកិច្ច​ក្រៅផ្លូវការ ដែល​តំណាង​ឱ្យ ៦០ ភាគរយ​នៃកំណើន​ក្នុង ស្រុក​របស់​យើង។ បើ​ទោះ​បី​ជា​ស្ត្រី​មាន​តួនាទី សំខាន់​ក្នុង​វិស័យ​ក្រៅ​ផ្លូវ​ការ​នេះ​ក្តី (ដែល​យើង​មិន​មាន​ព័ត៌មាន​លម្អិត) ក៏​ស្ត្រី​នៅ​តែជា អ្នក​ងាយ​រងគ្រោះ ដោយសារ​ខ្វះ​បទដ្ឋាន​ច្បាប់ លើ​វិស័យ​នេះ។ យើង​ត្រូវការ​ព័ត៌មាន​បន្ថែម ទៀត​ក្នុង​ការកំណត់​ឧបសគ្គ និង​គាំទ្រ​ដល់ សិទ្ធិ​ស្រ្តី និង​តួនាទី ព្រម​ទាំង​ការ​បញ្ចូល​សំលេង និង​ក្តីបារម្ភ របស់​គាត់​ទៅក្នុង​គោល​នយោបាយ​របស់យើង។
ការ​ទទួល​បាន​ការ​អប់រំ និង​កម្រិត​អក្ខរភាព​នៅទាប ចំពោះ​ស្ត្រីដែលមានអាយុ ចន្លោះ​ពី ២៥ ទៅ ៤៤ ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុក ថា ជា​បញ្ហា​ដ៏​ប្រឈម​ដែលត្រូវដោះស្រាយ។ នេះវា​នឹង​មាន​ផល​ប៉ះពាល​ដល់​លទ្ធភាព​របស់ ស្ត្រី​ក្នុង​ការ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទីផ្សារ សម្រាប់​ឱ្យ​ពួកគាត់​អាច​មាន​ការងារ​ប្រសើរ ហើយ​ព្រម​ទាំង​ជះឥទ្ធិពល​ដល់ បំណិន​ជីវិត​របស់​ពួកគាត់ ជា​ពិសេស​ចំពោះ ការ​ថែទាំ​សុខភាព​របស់​ខ្លួន សុខភាព​បន្តពូជ អាហារូបត្ថម្ត និង​សុខភាព​កូនៗរបស់ពួកគាត់ ព្រម​ទាំង​ចំពោះ​ការ​​ផ្តល់តម្លៃខ្លួនគាត់ ដល់កូនជាពិសេស​កូនស្រី។
ក្នុង​​វិស័យ​សុខភាព​វិញ បើ​ទោះ​បី​ជា​មាន ភាព​ជឿនលឿន​ក្តី ក៏​នៅ​មាន​បញ្ហា​ប្រឈម ជា​ច្រើន​ទៀត។ អត្រា​ស្លាប់​របស់​ម្ដាយ​ជុំវិញ ការ​ផ្ដល់​កំណើត​នៅ​មាន​កម្រិត​ខ្ពស់នៅឡើយ បើ​ទោះ​បីជា មាន​ការ​ធ្លាក់​ចុះ​ពី ៤៧២ មក ត្រឹម ៤៦១ នាក់​​ក្នុង​ចំណោម ១សែននាក់។ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​យើង បាន កំណត់​ថា នឹង​បន្ថយ​ឱ្យនៅត្រឹម ១៥០ នាក់ នៅ​ឆ្នាំ ២០១៥។ ក្រសួងសុខាភិបាល ថ្មីៗ នេះ​បាន​បញ្ចប់ ផែនទី​បង្ហាញ​ផ្លូវ​នៃ​គំនិត ផ្តួចផ្តើម​សម្រាប់​ពន្លឿនវិស័យសុខាភិបាល របស់​ខ្លួន ក្នុងការ​កាត់បន្ថយ​មរណភាព​ម្ដាយ និង​ទារក។ ក្រសួង​កិច្ចការ​នារី នឹង​ចូលរួម​ក្នុង ការ​អនុវត្ត​គោល​នយោបាយ​នេះ។
ទំនាក់​ទំនង​តាម​អ៊ិនធ័រណែត និង​ភាព​សំបូរ​បែប គឺ​ជា​អាវុធ​មុខ​ពីរ។ យើង​ប្រឈម នឹង​ការគ្រប់គ្រង​គុណភាព​ព័ត៌មាន។ នៅ​តាម​ហាងអ៊ិនធ័រណែត​មួយ​ចំនួន ពេល​អ្នក​ប្រើប្រាស់ ពិសេស​ក្មេងៗ គ្រាន់​តែ​បើក​ទំព័រ​វេបសាយ​ភ្លាម នោះ​គេហទំព័រ​អាសអាភាស លោត​ចេញ​ភ្លាមជាស្វ័យប្រវត្តិ។ របាយការណ៍ របស់​ប៉ូលីស​បានបង្ហាញ​ថា វា​មាន​ទំនាក់ទំនង គ្នា​រវាង​ការ​មើល​រូបភាព​អាសអាភាស និង​ការ រំលោភ​ផ្លូវភេទ។ ដូចនេះ​វា​តម្រូវ​ឱ្យ​យើងត្រូវ ដោះស្រាយ​បញ្ហា​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​អប់រំ​ប្រជាជន​របស់​យើង។
ប្រសិន​បើ​មាន​ដៃ​គូ​អភិវឌ្ឍន៍​ណា​គេ ចង់​ជួយ តើ​គេ​នឹង​ជួយ​ក្រសួង​លោក-​ជំទាវ​លើ​ផ្នែកអ្វី​ខ្លះ?
ប្រើប្រាស់​ជំនួយ ទាំង​ជំនួយ​ជាហិរញ្ញវត្ថុ និង​បច្ចេកទេស ដោយ​ផ្តោត​ទៅ​លើការលើក កម្ពស់​ស្ត្រី និង​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​ភាព​ក្រីក្រ​របស់​ស្ត្រី។
ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​លើ​សេដ្ឋកិច្ច គឺ​ជា​ជម្រើស​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើក កម្ពស់​ស្ត្រីៈ ការ​បង្កើន​ភាព​អង់អាច​ដល់ស្ត្រី លើ​ការទាមទារ​ផ្នែកសេដ្ឋកិច្ច តាម​រយៈ​ការ បង្កើន​តម្លៃ​ប្រាក់ឈ្នួល ឬ​ប្រាក់​បៀវត្ស។ នៅពេល​ដែល​ពួកគាត់​មាន​កម្រៃ ពួកគាត់នឹងមានជម្រើស ហើយ​អាច​ចូលរួម​សម្រេចចិត្ត ដោយ​ឯករាជ្យ។ ស្ត្រី​ផ្តល់​អត្ថប្រយោជន៍ សម្រាប់​គ្រួសារ​ច្រើនជាងពីបុរស។ ពេល​ដែល​ស្ត្រី​រកចំណូល​បាន​ដោយ​ខ្លួនឯង នោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ក្នុង​សហគមន៏​ថយចុះ។
សុខភាព​ស្ត្រី​នៅ​តែ​ជា​ក្តី​បារម្ភ។ នៅ​មានបញ្ហា​ច្រើន​ទៀត​អំពី​យេនឌ័រ ដែល​ទាក់ទិន ទៅ​នឹង​សុខភាព​របស់​ស្ត្រី ដែល​វា​មាន​ផលប៉ះពាល​ដល់​តួនាទី​សុខភាព​បន្តពូជ និង​តួនាទី ផលិតកម្ម។
ការ​វិនិយោគ​លើ​ការអប់រំ​ដល់​ស្ត្រី និង កុមារី គឺ​នៅ​តែ​ជា​គន្លឹះយុទ្ធសាស្ត្រ​មួយ ដើម្បី ធានា​ឱ្យ​មាន​ភាព​អំណោយផល​ដល់​ស្ត្រី។
នៅ​ពេល​មាន​ការអប់រំ​ខ្ពស់ និងចំណេះដឹង​ប្រសើរ ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី លើ​សេដ្ឋកិច្ច និង​សុខភាព​របស់​ស្ត្រី នឹង​ចូលរួម ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និងជាចលករ បញ្ជ្រោប​ការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង គ្រួសារ និងលើកកម្ពស់​ការវិវត្តិ​របស់​ជាតិ មាន​ជាអាទិ៍ សេដ្ឋកិច្ច សង្គម និង​វប្បធម៌។

No comments:

Post a Comment