មាស ធារី ស្រអែម​ស្រស់​ពន្លក​ថ្មី​​ក្នុង​ពិភព​​សិល្បៈសម្តែង​


​​កញ្ញា​​មាស ធារី
 ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:៥៣
រាជធានីភ្នំពេញ ៖ ដោយ​​សារ​តែ​មាន​​និស្ស័យ​​ស្រឡាញ់​ចូល​ចិត្ត​​សិល្បៈ​តាំងពី​កុមារ​ភាព​​មក ​ កញ្ញា​​មាស ធារី ​បាន​ខិតខំ​​ប្រឹង​ប្រែង​​​​​គ្រប់​ឧបសគ្គ​​រហូត​​ទទួល​បាន​ជោគជ័យ​​ដោយ​បាន ​ក្លាយ​ជា​​អ្នក​សម្តែង​​កាយ​វិការ​ខារ៉ាអូខេ​ និង​ភាពយន្ត​ដូច​​បំណង​ ។ កញ្ញា​​មាស ធារី ហៅ​អាលីស មាន​ស្រុក​កំណើត​​​នៅ​ស្រុក​ទ្រាំង ​ខេត្ត​តាកែវ ។ នាង​​មាន​​បងប្អូន​​​៩​នាក់​​ក្នុង​នោះ​មាន​​ស្រី៥នាក់ ចំណែក​​នាងជាកូន​ពៅ ។
ដោយ​សារ​តែ​ឪពុកម្តាយ​ជាអ្នក​​ប្រកប​មុខ​របរ​​ធ្វើ​ ស្រែ​មានជីវភាព​ក្រលំបាក​ នៅឆ្នាំ​​២០០៨​នាង​បាន​មក​​រស់​នៅ​​ភ្នំពេញ​​ធ្វើ​ជា​កម្មការិនី​រោង​ចក្រ​​ ​ ប៉ុន្តែ​ដោយ​មាន​​និស្ស័យ​​ស្រឡាញ់​​ចូល​ចិត្ត​សិល្បៈ​ នៅឆ្នាំ​២០០៩​នាង​​បាន​​​ឆ្លៀត​ពេល​​វេលា​​មួយ​ចំនួន​ចូល​​ហាត់​រៀន​​នៅ​ ក្នុង​ក្លឹប​​សិល្បៈ​មួយយ៉ាង​​យក​ចិត្តទុក​ដាក់​ ​ហើយ​នៅ​ឆ្នាំ​២០១០​ នាង​បាន​បណ្តែត​ខ្លួន​ចូល​ប្រឡូក​​​​ក្នុង​​ពិភព​សិល្បៈ​សម្តែង​​ដោយ​បាន​ សម្តែង​ឱ្យ​ផលិត​​កម្ម​​ក្រៅ​ស្រុក​មួយ​ចំនួន​ និង​ក្នុង​ឆ្នាំ​២០១១នេះ​នាង​​មាន​ឱកាស​​បាន​ចូល​រួម​សម្តែង​​​ក្នុង​ខ្សែ​ ភាពយន្ត​បែបប្រវត្តិ​សាស្ត្រ​​​​រឿង​​«ឧកញ៉ា​​រាមរាជតេជោយ៉ត» ​ដោយ​អ្នក​ដឹកនាំរឿង​​ត្រមូវ​​​ឱ្យ​នាង​​សម្តែង​ជាតួអង្គ មេទ័ពស្រី ។ នេះជាឱកាស​​​មួយដែល​នាង​បាន​បង្ហាញ​ទេព​កោសល្យ​​​សម្តែង​ជូនទស្សនិកជន​បាន​​ ទស្សនា​​ តាម​កញ្ចក់​​ទូរទស្សន៍​​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​ ។
កញ្ញា​​​ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​ ​សម្បុរ​​ស្រអែម​​ស្រស់​រូបនេះ​នាង​មាន​វ័យ​​២៤ឆ្នាំ​​ ហើយទោះបីជា​មិនទាន់​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ក៏​​​ដោយ​ក៏​នាង​​មាន​ចិត្ត​​ សប្បាយ​រីករាយ​​ដែរ​ដោយ​បាន​​​ក្លាយ​ជា​​អ្នក​សិល្បៈ​សម្តែង​ ដូចក្តីប្រាថ្នា ។​
​​កញ្ញា​​មាស ធារី តាំង​ចិត្ត​ថា នាង​នឹង​មិន​ធ្វើ​ឱ្យ​ប្រិយមិត្ត​​ទស្សនិកជន​​អស់​សង្ឃឹម​ទេ​ ព្រោះ ​សព្វ​ថ្ងៃ​ក្រៅ​ពីចូល​រួម​សម្តែង​​កាយ​វិការ​​ខារ៉ាអូខេ​ និង​ភាពយន្ត​នាង​កំពុង​តែ​ហាត់​រៀន​​ច្រៀង​បន្ថែម​​ទៀត​​ដើម្បី​​ឡើង​ច្រៀង​ ​​​ជាកិត្តិយស​​នៅ​​​លើ​ឆាក​​​ប្រគំ​​តន្ត្រី​​​ចុង​​សប្តាហ៍​​តាម​ស្ថានីយ​ ​ទូរទស្សន៍​​​នានា​​ជូន​ប្រិយមិត្ត​ទស្សនិកជន​​បាន​ស្តាប់​​និង​បាន​ឃើញ​ទេព ​​កោសល្យ​​របស់​នាង ៕

No comments:

Post a Comment