ជីវភាព​អតីត​គ្រូ​បង្រៀន ក្រោយ​ពេល​ចូល​និវត្តន៍

ដោយ អ៊ុក សាវបូរី
2011-05-12
ជា​ទូទៅ ប្រាក់​ខែ​សម្រាប់​មន្ត្រី​រាជការ គ្រូបង្រៀន មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។ នៅ​ពេល​ចូល​និវត្តន៍ ពួក​គាត់​មិន​អាច​បាន​ប្រាក់​ចំណូល​ពី​ការ​បង្រៀន​ក្រៅ​ម៉ោង​បាន​ដែរ។
RFA/Ouk Savborey
ផ្ទះ​ដែល​អ្នក​គ្រូ បេ បូរី
នៅ​ចាំ​ដី​ឲ្យ​គេ នៅ​ភូមិ​ដក់ពរ៍ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ

ក្នុង​វ័យ​ចំណាស់​បន្តិច មាន​ទឹក​មុខ​ស្រពាប់​ស្រពោន អ្នក​គ្រូ បេ បូរី បច្ចុប្បន្ន​រស់​នៅ​ភូមិ​ដក់ពរ៍ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ពី​មុន​គាត់​ជា​គ្រូ​បង្រៀន​ផ្នែក​ពល​រដ្ឋ​វិទ្យា នៅ​វិទ្យាល័យ​ប៊ុនរានី​ហ៊ុនសែន ភ្នំ​ជី​សូរ ក្នុង​ខេត្ត​តាកែវ។ គាត់​បាន​ចូល​និវត្តន៍ ៤​ឬ​៥​ឆ្នាំ​ហើយ។ បច្ចុប្បន្ន​គាត់​មាន​អាយុ​៦៦​ឆ្នាំ។ គាត់​ថា​ផ្ទះ​កំពុង​រស់​នៅ​នេះ គាត់​ត្រូវ​គេ​ជួល​ឲ្យ​ចាំ​ទេ។ គាត់​គ្មាន​ផ្ទះ​រស់​នៅ​ឡើយ តាំង​ពី​គាត់​ផ្លាស់​ពី​ខេត្ត​កោះកុង មក​បង្រៀន​នៅ​វិទ្យាល័យ​ប៊ុនរានី​ហ៊ុន​សែន ភ្នំ​ជី​សូរ ក្នុង​ខេត្ត​តាកែវ។ ក្រោយ​ចូល​និវត្តន៍ ឬ​បញ្ចប់​ភារកិច្ច​ជា​គ្រូ​បង្រៀន​ច្រើន​ឆ្នាំ​មក គាត់​គ្មាន​មុខ​របរ​ទេ ក្រៅ​ពី​ចាំ​ផ្ទះ​ឲ្យ​គេ។

ប្រាក់​ខែ​តិច បើក​មិន​ទៀងទាត់

អ្នក​គ្រូ បេ បូរី បន្ថែម​ថា ប្រាក់​ខែ​ចូល​និវត្តន៍​ក្នុង ១​ខែ ទទួល​បាន ១៩​ម៉ឺន ១៤០០​រៀល។ ប្រាក់​នោះ បើ​សិន​មន្ត្រី​គណនេយ្យ​បើក​ឲ្យ​ទៀង​ទាត់​រាល់​ខែ គាត់​អាច​ចាយ​បាន​ដល់​ទៅ ២០​ថ្ងៃ​ដែរ។ ប៉ុន្តែ​បើ​បើក​មិន​ទៀង​ទាត់ គាត់​ជំពាក់​គេ​វីវក់ ៖ "ក្រោយ​ពី​ចូល​និវត្តន៍​មក ប្រាក់​១​ឆ្នាំ​បាន​បើក​បាន។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ចូល​និវត្តន៍៤, ៥​ឆ្នាំ​ហើយ អ៊ីចឹង​ប្រាក់​ចូល​និវត្តន៍​ហ្នឹង បើក​វា​អត់​ទៀង​ទាត់ ដូច​គ្រូ​បង្រៀន​នៅ​តាម​សាលា។ ឧបមា​ដូច​គ្រូ​បង្រៀន​នៅ​តាម​សាលា ដាច់​ខែ​បើក​ហើយ។ បើ​ខ្ញុំ​ឯ​ណេះ​ឧបមា​ថា ដាច់​ខែ​ហ្នឹង ចូល​ខែ​មួយ​ទៀត រហូត​ ដាច់​ខែ​ទៀត​បាន​បើក​ឲ្យ។ ដូច​ប្រាក់​ខែ​១ មក​បើក​បាន​នៅ​ខែ​៣។ ហើយ​ដល់​អ៊ីចឹង ដល់​ការ​បើក​អត់​ទៀត​ទាត់​ហ្នឹង ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ក្នុង​ជីវភាព"
អ្នក​គ្រូ២០០
អ្នក​គ្រូ បេ បូរី អាយុ​៦៦​ឆ្នាំ បាន​ចូល​និវត្តន៍ នៅ​ភូមិ​ដក់ពរ៍ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ
អ្នក​គ្រូ បេ បូរី មាន​ប្រសាសន៍​ទាំង​ក្ដុកក្ដួល​ថា គាត់​នៅ​ចាំ​ផ្ទះ​ឲ្យ​គេ​នេះ​គ្មាន​បាន​កម្រៃ​ទេ។ ម្ចាស់​ផ្ទះ​បាន​ទិញ​ស្រែ​មួយ​ឲ្យ​គាត់​ធ្វើ ប៉ុន្តែ​គាត់​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​អាច​ធ្វើ​ស្រែ​បាន គាត់​បាន​ប្រវាស់​ស្រែ​ជា​មួយ​គេ បាន​ស្រូវ​ដែល​កិន​ជា​អង្ករ អាច​ទទួល​ទាន​បាន ៤​ទៅ​៥​ខែ​ដែរ ៖ "កូន​ស្រែ​មួយ​តូច គេ​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ តែ​ខ្ញុំ​គ្មាន​លទ្ធភាព ព្រោះ​ឈ្នួល​ដក​ស្ទូង ច្រូត​អី​អស់​ថ្លៃ​ណាស់។ ដល់​អ៊ីចឹង ប្រវាស់​នឹង​គេ​ទៅ បាន​ស្រូវ​ហូប ៤ ៥​ខែ​ដែរ បាន​ជាង ១០​តៅ​ស្រូវ​នឹង តែ​ហូប​អត់​គ្រាន់​ទេ"
អ្នក​គ្រូ​បន្ត​ថា សព្វ​ថ្ងៃ​គាត់​គ្មាន​កូន​ចៅ​នៅ​រស់​អាច​ពឹង​ពាក់​បាន​ទេ មិន​តែ​ប៉ុណ្ណោះ កូន​របស់​គាត់​បាន​ស្លាប់​ក្នុង​ពេល​ចោរ​ប្លន់​ឡាន​កំពុង​ធ្វើ​ដំណើរ បន្សល់​ចៅ​ប្រុស​ម្នាក់​ឲ្យ​គាត់​ចិញ្ចឹម​តាំង​ពី​តូច​រហូត​មក។ បច្ចុប្បន្ន​ចៅ​ប្រុស​កំពុង​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ប៊ុនរានី​ហ៊ុនសែន ភ្នំ​ជី​សូរ ៖ "វា​រៀន​ខ្សោយ​ទៀត ព្រោះ​ចៅ​ហ្នឹង​បែប​វា​ស្លុត​កាល​គេ​ប្លន់​ឡាន គេ​បាញ់​ទៅ ក្រោយ​មក​ចៅ​នោះ​ឲ្យ​តែ​ឃើញ​មនុស្ស​ស្រែក​បាត់​ស្មារតី។ ហើយ​បើ​ចៅ​ហ្នឹង​ប្រឡង​ជាប់​ទៅ ខ្ញុំ​គិត​ថា ទៅ​នៅ​រក​ស៊ី​លក់​ផ្លែ​ឈើ​ចិញ្ចឹម​ចៅ ឲ្យ​វា​បាន​រៀន"
អ្នក​គ្រូ​បន្ត​ថា ដោយ​សារ​ចៅ​ជាប់​សិក្សា គាត់​មិន​ទាន់​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ស៊ី​នៅ​កន្លែង​ផ្សេង​ឡើយ តាម​ការ​គិត​ទុក គាត់​នឹង​ទៅ​រក​ស៊ី​ដើរ​លក់​ផ្លែ​ឈើ​នៅ​ភ្នំពេញ ព្រោះ​មាន​លោក​គ្រូ អ្នក​គ្រូ​ចូល​និវត្តន៍​បាន​រត់​ទៅ​រក​ស៊ី​លក់​ផ្លែ​ឈើ​នៅ​ភ្នំពេញ បាន​កម្រៃ​ចិញ្ចឹម​ជីវិត​ប្រសើរ​ជាង​លក់​ដូរ​នៅ​ជន​បទ។ អ្នក​គ្រូ​បាន​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ គាត់​ហ៊ាន​ចំណាយ ២​ពាន់​រៀល ទិញ​ម្ហូប​ប៉ុណ្ណោះ ៖ "ដល់​ចុង... យើង​ពាក់​កណ្ដាល​ឆ្នាំ​ទៅ ត្រូវ​អស់​អង្ករ​ដល់​អស់​អង្ករ យើង​ត្រូវ​លៃ​លក​សន្សំ​ប្រាក់​ខែ​បន្តិចៗ ទុក​ទិញ​អង្ករ​អី​ទៅ ដូច​ថា​ក្នុង ១​ខែ សន្សំ​ឲ្យ​សល់ ១​ម៉ឺន​ៗ អី​ទៅ។ ហើយ​ម្ហូប ដូច​ថា​យើង​អត់ ថ្ងៃ​ណា​នេះ​ពង​ទា ឆា​បន្លែ​អី​ទៅ ហើយ​សល់​លុយ​នោះ ចេះ​តែ​ទុក​ៗ ទៅ ដល់​ពេល​យើង​អស់​អា​ស្រូវ​នឹង​ទៅ យើង​មាន​លុយ​ទិញ​អង្ករ​ បាន ១​តៅ អ៊ីចឹង​ទៅ"
អាជ្ញាធរ​ឃុំ​រវៀង លោក កឹម ណិល ឲ្យ​ដឹង​ថា ក្នុង​ឃុំ​រវៀង មាន​លោក​គ្រូ អ្នក​គ្រូ ប្រមាណ ១០​នាក់ បាន​ចូល​និវត្តន៍។ ការ​ប្រកប​របរ​នៅ​ក្នុង​ឃុំ​នេះ ដូច​ក្នុង​ភូមិ​ដក់ពរ៍ មាន​របរ​ត្បាញ​ហូល ត្បាញ​ក្រមា អំបោះ​ជា​ដើម។ ប៉ុន្តែ​សិប្បកម្ម​ដោយ​ដៃ​នោះ ត្រូវ​ការ​ប្រាក់​ច្រើន​សម្រាប់​ធ្វើ​ដើម​ទុន លោក​គ្រូ អ្នក​គ្រូ​ចូល​និវត្តន៍​ទទួល​បាន​ប្រាក់​ខែ​ទាប មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រកប​មុខ​របរ​តម្បាញ​នោះ​បាន​ទេ។ របរ​ត្បាញ ទាល់​តែ​មាន​ដើម​ទុន​ទិញ​កី​ត្បាញ និង​មាន​ដើម​ទុន​ទិញ​សូត្រ ឬ​អំបោះ​មក​ត្បាញ។
លោក​គ្រូ អ្នក​គ្រូ នៅ​ភូមិ​ដក់ពរ៍ ប្រាប់​ថា​លោក​គ្រូ​ម្នាក់​ទៀត ទើប​ចូល​និវត្តន៍ ឆ្នាំ​២០១០ គាត់​ឈ្មោះ កឹម ថា។ ក្រោយ​ចូល​និវត្តន៍ ប្រាក់​ខែ​មិន​ងាយ​បើក​បាន​ជាង ១​ឆ្នាំ មក​នោះ លោក​គ្រូ កឹម ថា បាន រក​ស៊ី​លក់​បបរ​នៅ​ក្នុង​ភូមិ។ គាត់​លក់​ពេញ​១​ថ្ងៃ បាន​ប្រាក់​ចំណេញ​ប្រមាណ ៥​ពាន់​រៀល មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។

លក់​បៀវត្សរ៍

លោក គ្រូ កឹម ថា សម្រេច​ចិត្ត​លក់​ប្រាក់​បៀវត្សរ៍ ចូល​និវត្ត​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង។ អ្នក​ទិញ​ប្រាក់​ខែ​ចូល​និវត្តន៍​របស់​លោក​គ្រូ កឹម ថា គេ​បាន​ឲ្យ​ប្រាក់​គាត់ តែ​ពាក់​កណ្ដាល​នៃ​ប្រាក់​គាត់​នឹង​ទទួល​បាន​សរុប​ជាង ១​លាន ៦០​ម៉ឺន​រៀល។ ក្រោយ​ជីវភាព​កាន់​តែ​ត្រដាបត្រដួស លោក​គ្រូ​បាន​នាំ​ភរិយា​ទៅ​រក​ស៊ី​ទូល​ផ្លែ​ឈើ​លក់​នៅ​តាម​ផ្សារ ក្នុង​ក្រុង​ភ្នំពេញ។
លោក​គ្រូ​ម្នាក់​ទៀត​ទើប​ចូល​និវត្តន៍​ឆ្នាំ​២០១០ ដែរ ឈ្មោះ គិន ស៊ូ អះអាង​ថា តាំង​ពី​គាត់​ចូល​និវត្តន៍ មក​ដល់​សព្វ​ថ្ងៃ​ជាង ១​ឆ្នាំ ហើយ គាត់​មិន​ទាន់​ទទួល​បាន​ប្រាក់​ប្រចាំ​ខែ​ចូល​និវត្តន៍​ទេ។ ក្រសួង​អប់រំ​បាន​ឧបត្ថម្ភ​ប្រាក់​គាត់ ៨​ខែ ដែល​គាត់​អាច​យក​មក​ប្រកប​របរ​ប្រវាស់​ស្រែ និង​មេ​គោ​ជា​មួយ​អ្នក​ស្រុក ៖ "ធ្វើ​ស្រែ​ខ្លះ​បន្តិច​បន្តួច និង​មាន​មេ​គោ​មួយ និង​កូន​គោ​ចេះ​តែ​ថែៗ វា​ទៅ លក់​តាម​ដោះ​ស្រាយ​តាម​ជីវភាព​តាម​នឹង​ទៅ។ ចិញ្ចឹម​មេ​គោ​យក​កូន​លក់​ទៅ បើ​ចិញ្ចឹម​ច្រើន ក៏​រត់​មិន​រួច​ដែរ ព្រោះ​ឥឡូវ​គោ​អី ក៏​យើង​មិន​ទៅ​កាន់​ឯណា​កើត ទាល់​តែ​ទិញ​ស្មៅ​គេ​មួយ​បាច់ ពីរ​អី​ទៅ ដើម្បី​ដោះ​ស្រាយ គោ​ស៊ី​ទៅ។ ទើប​យើង​បាន​មេ​គោ​មួយ កូន​គោ​មួយ​ហ្នឹង ព្រោះ​គោ​ឥឡូវ​ក៏​វា​មិន​សូវ នេះ​ប៉ុន្មាន​ដែរ​ព្រោះ​តាម​ធុន​ដែរ គោ​មាន​ល្អ​ក៏​ថ្លៃ​ទៅ គោ​ខ្លះ​ក៏​វា ១​លាន​ជាង ២​លាន​ជាង​តាម​គុណភាព​គោ។ ហើយ​ដល់​ខ្ញុំ បើ​ចិញ្ចឹម​គោ​ហ្នឹង វា​មាន​បាន​អី​ឲ្យ​គោ​ល្អ​ដូច​គេ បាន​គ្រាន់​តែ​ឲ្យ​មាន​អាចម៍​ខ្លះ ហើយ​នឹង​បាន​លក់​អី​បន្តិច​បន្តួច​ហ្នឹង​កូន​ហ្នឹង"
លោក គិន ស៊ូ បាន​ឲ្យ​ដឹង​ថា កូន​គាត់ ៥​នាក់ មាន​គ្រួសារ​ខ្លះ បាន​ចេះ​ជួយ​ចិញ្ចឹម​គ្នា។ ចំណែក​គាត់​មាន​ដី​ភូមិ​នៅ​សល់ បាន​ធ្វើ​រោង​ជួល​ឲ្យ​គេ​លក់​គុយ​ទាវ បាន​កម្រៃ ៥​ម៉ឺន​រៀល ក្នុង​១​ខែ​ដែរ។
លោក​គ្រូ អ្នក​គ្រូ​ចូល​និវត្តន៍​បាន​អំពាវនាវ​ថា ពួក​គាត់​កាន់​តែ​ចាស់ មិន​អាច​មាន​កម្លាំង​រក​ចំណូល​បាន​ច្រើន​ទេ គាត់​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​កន្លែង​សម្រាប់​ជួយ​ដល់​មនុស្ស​ចាស់ ឬ​មន្ត្រី​រាជការ​ចាស់​ជរា គ្មាន​កូន​ចៅ​ទី​ពឹង ឲ្យ​គ្នា​បាន​ស្នាក់​នៅ មាន​អាហារ​ហូប​រាល់​ថ្ងៃ មាន​គ្រូ​ពេទ្យ​ចាំ​ព្យាបាល​មិន​គិត​ថ្លៃ​ជា​ដើម៕

No comments:

Post a Comment