ជិន ស្រី​ណែត​ ដើរ​តាម​គន្លង​បង​ស្រី ជិន សេរីយ៉ា

 ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:០២(ព័ត៍មានកោះសន្តិភាព)
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ជិន ស្រី​ណែត​ ក្នុង​វ័យ​២៤​ឆ្នាំ​ ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​​ស្រស់​សោភា​ ជា​ប្អូន​ស្រី​​របស់​តារា​ចំរៀង​ជិន សេរីយ៉ា​។ ស្រី​ណែត​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចំរៀង​តាម​គន្លង​បង​ស្រី​តាំង​ ពី​​ឆ្នាំ​២០០៦​ រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​ជិត​៥​ឆ្នាំ​ហើយ​។ ​ក្នុង​អាជីព​នេះ​នាង​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​ដូច​ជា​បង​ ស្រី​​ទេ​។
កញ្ញា​ ជិន ស្រី​ណែត មាន​ទឹក​ដម​សម្លេង​ពីរោះ​រណ្តំ​ចិត្ត​ អាច​​បំពេអារម្មណ៍​ប្រិយ​មិត្ត​អ្នក​ស្តាប់​ឱ្យ​អណ្តែត​អណ្តូង​​ហោះ​ហើរ​ទៅ​ តាម​អត្ថ​ន័យ​នៃ​បទ​ចំរៀង​ ហើយ​ថែម​ទាំង​មាន​កាយ​វិការ​រស់​រវើក​ ។ ថ្វី​ដ្បិត​​តែស្រី​ណែត​​ជា​អ្នក​ចំរៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​មិន​ទាន់​បាន​ ថត​សម្លេង​ចូល​សីុ​ឌី​​​ តែ​នាង​អាច​ច្រៀង​បាន​ពីរោះ​ទាំង​​បទ​មនោ​សញ្ចេត​នា និង​​​បទឌី​ស្កូ​ញ័រញាក់​កន្ត្រាក់​អារម្មណ៍​​។
តារា​ចំរៀង​សិច​ស៊ី​រូប​នេះ​កន្លង​មក​ធ្លាប់​ឡើង​ ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​កម្ម​វិធី​ទូរ​ទស្សន៍​ម្តង​ ម្កាល ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១១​នេះ​គេខានឃើញ​នាង​​ឡើង​ច្រៀង។ ទោះ​បី​​បាត់​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ តែ​​នាង​នៅ​តែ​ប្រកប​អាជីព​ជា​អ្នក​ចំរៀង​នៅតាម​ភោជនីយ​ដ្ឋាន​ដដែល​​។ នាង​អះអាង​ថា ការ​ដែល​នាង​មិន​បាន​​ឡើង​ច្រៀង​ជាកិត្តិយស​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ តាម​ទូរ​ទស្សន៍​ ដោយ​សារ​នាង​ជាប់​រវល់​លក់​ដូរ​នៅ​ផ្ទះ​។
កញ្ញា​ជិន ស្រី​ណែត និយាយ​​ថា ​ទោះ​បី​ជា​នាង​មិន​ទាន់​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​ដូច​បង ​ស្រី​នាង​​ក៏​ដោយ​ ក៏​នាង​សប្បាយ​ចិត្ត​​ដែរ ដែល​បាន​បន្ត​វេន​​ពី​បង​ស្រី​ ហើយ​ធ្លាប់​បាន​ចូល​រួម​សម្តែង​កាយ​វិការ​ខា​រ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ ក្រៅប្រទេស​មួយ​ចំនួន​ ​។ កញ្ញា​ជិន ស្រី​ណែត​ ឱ្យ​ដឹង​ពី​អ្នក​​នាង​ជិន​ សេរីយ៉ា​​ថា សព្វ​ថ្ងៃ​រស់​នៅ​​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី​ប្រកប​ដោយ​​សុភមង្គល​ ខណៈ​មាន​កូន​ប្រុស២​នាក់​ហើយ។​ អ្នក​នាង​សេរីយ៉ា​​ត្រៀម​មក​លេង​ស្រុក​នា​​ពេល​ឆាប់ៗ​ខាង​មុខនេះ ៕

No comments:

Post a Comment