បើបង​​មិនបាន​អូន! អូន​​ក៏មិនអាច​​ជួប​​អ្នក​ផ្សេងបាន​​​ដែរ គឺ​មានតែ​ចាក់​​សម្លាប់​អូន ​ហើយ​បង​​​ធ្វើអត្តឃាត

នារីឈ្មោះ​ឃុំ ​ស្រីយ៉ា អាយុ​​១៨​ឆ្នាំ 


បរុសឈ្មោះ​​​ជា ថន ​អាយុ​១៩​ឆ្នាំ ​​

ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៧:០១
ខេត្ត​តាកែវ​ ៖ ​ដោយ​ក្តីស្នេហា​ដ៏លើស​លប់​​មួយ​ចំពោះ​​នារីដែលខ្លួន​ស្រឡាញ់​​ស្មើ​​​កែវ​ភ្នែក ​ហើយបែរ​ជា​​ឈឺ​​ចាប់​ដោយសារ​តែ​​នាងបែក​ផ្លូវ​​​ធ្វើ​ឱ្យ​​​យុវជន​ម្នាក់​​​​ដែល​ឈ្លក់​វង្វេង​​​នឹង​មនោ​សញ្ចេត​នា​​ស្នេ​ហា​យ៉ាង​​​ងប់​​ងល់​​ទៅលើនាង​​នោះ ​​ក្លាយជា​​ឃាត​ក​ចាក់​ប្រល័យជីវិត​​​នាង ជា​សង្សារ រួច​​ធ្វើអត្តឃាត​​ខ្លួន​ឯង​​តាម​ក្រោយ ដោយ​ការ​លេប​​ថ្នាំពុល ។ ​​ការបញ្ចប់​ជីវិត​​ដែល​បង្កើត​ឡើង​​ដោយភាគី​​ខាង​ប្រុស​នេះ ​​ដោយសារ​តែ​​គេ​មាន​គំនិត​​​អាត្មា​និយម​​ថា បើ​នាង​​មិន​បាន​​ក្លាយ​ជា​​ប្រពន្ធ​របស់គេទេ ​បុរ​ស​ណា​ផ្សេង​​​ក៏មិនអាច​​​​​យក​នាង​បានដូចគ្នា​ ​ដូច្នេះហើយ​​ទើប​មាន​​​អត្ត​ឃាត​​​​​ស្នេហា​កើតឡើង ។​

គូស្នេហ៍​​​វ័យក្មេង​​នេះ​​ស្ថិត​​ក្នុង​វ័យ​​សិក្សា​​​នៅ​ឡើយ ហើយ​​​ដោយសារ​​មាន​ចិត្ត​ស្មោះ​ចំពោះ​​ស្នេហ៍​​​ ​​ក៏​មិន​​​ចង់​​ឱ្យ​នាង​​ចាកចេញពី​​​ដើមទ្រូង​ ទើប​​ភាគីខាង​ប្រុសហ៊ាន​​​លើក​កាំបិត​​ចាក់ប្រល័យ​ជីវិត​​គូស្នេហ៍​​របស់ខ្លួន​​​ឥត​​​​ស្រណោះ​​​អាឡោះ​អាល័យ​​​ រួចលេប​​ថ្នាំ​ពុល​សម្លាប់​ខ្លួន​​​​តាមក្រោយ​។​ ​ហេតុ​ការណ៍​​​​​​នេះ បាន​កើត​ឡើង​​​កាលពីថ្ងៃទី​២៦ ​​​ឧសភា ​ឆ្នាំ​២០១១ វេលា​ម៉ោង​​២​​និង​​១០នាទី​​ រសៀល ​នៅ​​​ផ្ទះ​លក់បាយ​ក្នុង​​​ភូមិ​តា​​លឿ ​​ឃុំ​ឧត្តម​​សុរិយា ​ស្រុក​ត្រាំ​កក់ ។
​លោក​​​វរសេនីយ៍​ត្រី​​​ញ៉ែម ​​សឿន ​អធិការ​នគរបាល​​ស្រុក​ត្រាំ​កក់ ​​មានប្រសាសន៍​ថា ​​នារី​ជា​​គូស្នេហ៍​​​​ដែល​ត្រូវ​​ប្រុស​​​​ស្នេហ៍​​​របស់ខ្លួន​ចាក់​សម្លាប់​​​នេះ​ឈ្មោះ​ឃុំ ​ស្រីយ៉ា អាយុ​​១៨​ឆ្នាំ ជា​សិស្ស​​​ថ្នាក់ទី​​១១F ​វិទ្យាល័យ​​សុខ អាន ​១ ឧសភា ​​រស់នៅ​ភូមិ​ម្រុម ​ឃុំ​​តា​​ភេម ​ស្រុកត្រាំ​កក់ ​​ត្រូវ​​សង្សារ​យក​​កូនកាំបិត​​ចុងស្រួច​​​ចាក់ចំ​​នួន​​៦កាំបិត ​ចំ​ថ្ពាល់​ស្តាំ ដើមទ្រូង ​ដើមដៃសង​ខាង ​និង​បបូរមាត់​​របួសធ្ងន់​​​ ​និងបាន​​ស្លាប់បន្ទាប់ពី​​បញ្ជូនដល់​មន្ទីរពេទ្យ​​បង្អែក​ត្រាំ​កក់​ ។ ចំណែក​​ប្រុស​ស្នេហ៍​ដែលលេប​ថ្នាំបំពុល​​​កណ្តុរបញ្ចប់ជីវិត​​តាមក្រោយ​​ឈ្មោះ​​​ជា ថន ​អាយុ​១៩​ឆ្នាំ ​​ជា​សិស្ស​​​ថ្នាក់ទី​១០A នៅវិទ្យាល័យ​​តេជោ​ហ៊ុន សែន ​​អង្គ​តាសោម ​​​បាន​​ស្លាប់​បន្ទាប់​ពី​បញ្ជូន​​​ដល់​មន្ទីរ​ពេទ្យ​​បង្អែក​​ត្រាំកក់ ។ ​ប្រុស​ស្នេហ៍​ដែល​​បង្កើត​​សោកនាដ​កម្ម​​​ស្នេហា​នេះ ​ក៏បាន​​បន្សល់​ទុក​​​​សំបុត្រ​មួយ​​ច្បាប់​​​​​សរសេរ​​រៀប​រាប់​​​ប្រវត្តិ​ស្នេហ៍​​របស់ពួកគេទាំង​​​​២នាក់​​កន្លង​មក​​ហើយ​ចំណុច​​ដែលរៀបរាប់​នោះ ចង់​​បាន​បង្ហាញ​​​​ពី​ការ​​​ឈឺ​ចាប់​​​​ ដោយសារ​តែ​​​នាង​​បាន​ងាក​ទៅ​​រកគូថ្មី ។​
លោកអធិការ​​ស្រុកបាន​​បន្ត​​ថា មុន​ពេល​កើត​ហេតុ ​នាងជា​សង្សារ​​បានមក​ជួប​ជុំគ្នា​​ជាមួយមិត្ត​ភក្តិ​​​នៅ​ផ្ទះ​​​​លក់បាយ​​ខាងលើ ​​លុះ​​បាន​មួយសន្ទុះ​ ប្រុសស្នេហ៍​​នាង​​​បានជិះ​កង់​​ទៅដល់​​រួច​​​ស្រែក​ហៅ​​​នាង​​​​​ឱ្យ​​​​ចេញមក​ក្រៅ ដើម្បី​សុំ​ជួប​​​​​ ហើយ​បន្តិច​ក្រោយ​មក​​​នាងក៏​​ចេញ​មក​ជួប​​ ដោយ​គ្មានអ្នកណា​​​ម្នាក់​​ចាប់អារម្មណ៍​​​​​ថា មាន​រឿង​អ្វី​កើត​ឡើង​ឡើយ​​។ ស្រាប់តែ​​បាន​មួយ​​ស្របក់​គេ​ឮ​​សូរ​​សំឡេង​​នាង​ស្រី​យ៉ា ​ស្រែក​​ឱ្យជួយ​​​ លុះ​​​ពួក​គេ​​រត់​ចេញ​​មក​មើល​ឃើញ​​​នាង​ដួលដេក​​លើ​ដី​ទៅ​ហើយ ​​ប្រឡាក់​សុទ្ធ​តែ​​​ឈាម។ ​ឯ​ជនដៃដល់​​​​រត់ធ្លាក់​ត្រពាំងទឹកមុខ​​ផ្ទះ ហើយ​កូន​ម្ចាស់​ផ្ទះ​រត់​​​ទៅចាប់ តែ​​​​​គេនិយាយ​ថា ​មិន​បាច់​ចាប់​​ទេ ​ព្រោះ​​​គេ​​​​​​លេប​​ថ្នាំ​កណ្តុរ​រួចហើយ ​​យើង​ទាំង​ពីរ​នាក់​​​ត្រូវតែស្លាប់​​​ ព្រោះបើ​​រូប​គេ​​យក​នាង​មិន​បាន​​​ អ្នក​ផ្សេង​​ក៏មិនអាច​​​​យកនាង​​​បាន​ដែរ ពួក​យើង​​​​ជួបគ្នា​​​ជាតិក្រោយទៀត ​​រួច​ក៏​​ដេក​ដួល​​​លើ​ដី ។ អ្នកទាំង​ពីរ​ត្រូវ​បាន​​មិត្តភក្តិ​​​​ និង​ម្ចាស់​ផ្ទះ​​​លក់​​បាយ​​​​ខំព្យាយាម​​នាំ​យក​​​​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​​​ដែរ តែ​​ក៏​​​​បានស្លាប់​​ទាំងអស់គ្នា ​នៅ​មន្ទីរ​ពេទ្យ​​​​បង្អែក​​ត្រាំកក់ ។
បើតាម​ប៉ូលិស​​បច្ចេក​ទេស​ពិនិត្យ​​​សព​​ខេត្ត បាន​ឱ្យ​ដឹង​​ថា ​នាង​ស្រីយ៉ា​​​​ពិតជា​ស្លាប់​​ដោយ​សារ​​​​ការ​ចាក់​​នឹង​កូនកាំបិត​​​ពិត​ប្រាកដ​​មែន​ឯប្រុ​ស​ស្នេហ៍​​ជា​ជនដៃ​ដល់​ពិតជា​​​ស្លាប់​​​​ដោយ​សារ​​​លេប​ថ្នាំ​កណ្តុរ​​ ។ ក្រុមគ្រួសារ​​ទាំង​​ខាង​ប្រុស និងខាង​ស្រី​​​ ព្រមទាំង​​​មិត្ត​ភក្តិ​​​​បាន​មក​​​​ចោមរោម​​មើល​​ និង​ស្រែកយំ​ទ្រហឹង​​​អឹង​កង ​​ដោយសារ​មាន​ការ​សោកស្តាយ​​ជីវិត​ពួកគេ​​​ទាំង​២នាក់ ​ដែល​ស្រឡាញ់គ្នា​​​​ក​សាង​អនុស្សាវរីយ៍​​​យ៉ាង​ច្រើន​​​មិនគួរ​​​ណា​គិត​​​ខ្លី​បញ្ចប់ជីវិត​​​បែបនេះ​សោះ ។​ សព​​ត្រូវ​បាន​​​ប្រគល់​​ទៅ​ឱ្យ​ក្រុមគ្រួសារ​​​យក​ទៅធ្វើ​​បុណ្យ​​​​តាម​ប្រពៃណី​​នៅផ្ទះ​របស់ពួក​គេ​​​​រៀងៗខ្លួន៕​

No comments:

Post a Comment