ឈួន ស្រី​ម៉ៅ កុលាប​បាត់​ដំបង​កំពុង​រីក​ក្នុង​សិល្បៈ​ចំរៀង


រូបភាពព័ត៍មានកោះសន្តិភាព
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:០៧
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា ឈួន ស្រី​ម៉ៅ ក្នុង​វ័យ​២៣​ឆ្នាំ ជាអ្នក​​ចំរៀង​តាម​គន្លង​​បង​ស្រី​របស់​នាង​ គឺ​អ្នក​នាង​ឈួន សុវណ្ណ​ឆៃ។ ស្រី​ម៉ៅ​ឧស្សាហ៍​លេច​មុខ​ក្នុង​កម្ម​​វិធី​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ដោយ​​ចូល​ចិត្ត​ច្រៀង ទាំង​បទ​មនោ​សញ្ចេត​នា ​ទាំងបទ​​ចាស់​សម័យ​ដើម​របស់​រាជិនី​សំលេង​មាស​ រស់​ សេរី​សុទ្ធា ។ កុលាប​បាត់​ដំបង​ដែល​កំពុង​រីក​ក្នុង​ស្រទាប់​សិល្បៈ​​នេះ​ចាប់​ផ្តើម​​ចូល​ប្រឡូកក្នុង​វិស័យ​សិល្បៈ​ចំរៀង​ និង​សំដែង​កាយ​វិការ​​ខារ៉ា​អូខេ​តាំង​ពី​ឆ្នាំ​២០០៤មក​។ ​នាង​ត្រូវ​បាន​ផលិត​កម្ម​​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ហៅ​ឱ្យ​ចូល​រួម​​ថត​សំឡេង​ចូលស៊ីឌី​ និង​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​តាម​បទ​ចំរៀង​របស់ខ្លួន។ ​ជា​ញឹក​ញាប់​នាង​តែង​តែ​មាន​កិត្តិ​យស​បាន​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​។
កញ្ញា​ឈួន ស្រី​ម៉ៅ ដោយ​សារ​មានរូប​​សម្ផស្ស​ស្រស់​ស្អាត​ មានទេព​កោសល្យ​សំដែង​​ល្អ​ និងមាន​ទឹក​ដម​សំលេង​​ពីរោះធ្វើ​ឱ្យ​​ប្រិយ​មិត្ត​​ទស្សនិក​ជន​គាំទ្រ​យ៉ាង​ច្រើន​រហូត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ កន្លង​មក​នាង​ធ្លាប់​ចេញ​ទៅសំដែង​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​អូស្ត្រាលី​ ។ ​ទោះ​ជា​យ៉ាង​ណា​​ក្តី ក្នុង​ឆ្នាំ​២០១១​នេះ​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​រួច​ នាង​មាន​ពេល​ទំនេរ​ច្រើន គឺ​មិន​ទាន់​ចេញ​សំដែង​ និង​ច្រៀង​បទ​ថ្មី​ឱ្យ​ផលិត​កម្ម​ណា​មួយ​ទៀតទេ តែ​ជា​រៀង​រាល់​ចុង​សប្តាហ៍​នាង​តែង​បង្ហាញ​មុខ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​របស់​ទូរ​ទស្សន៍​នានា​ ។ នៅ​ចុង​ឆ្នាំ​២០១១ ​នេះ​នាង​ត្រៀម​ខ្លួន​ចេញ​ទៅ​សំដែង​នៅ​ក្រៅ​ប្រទេស​ម្តង​ទៀត​ តែ​មិន​ទាន់​កំណត់​ថា នឹង​ទៅ​ប្រទេស​ណា​​ទេ ។
ក្នុង​វ័យ​២៣​ឆ្នាំ​ស្រី​ម៉ៅ​​​និយាយ​ថា ​មាន​បុរស​ជា​ច្រើន​សុំ​ស្នេហា​​តែ​នាង​មិន​ទទួលទេ ​ដោយ​បុរស​ទាំង​នោះ​គ្មាន​ចិត្ត​ក្លាហាន​ហ៊ាន​ចូល​ស្តី​ដណ្តឹង​នាង​ដល់​មេបា គឺ​គ្រាន់​តែសុំ​ស្នេហា​តាម​ផ្លូវ​ខុស​តម្រា ដូច្នេះ​នាង​មិន​បើក​ទ្វារ​បេះ​ដូង​ជូន​ទេ ៕

No comments:

Post a Comment