សាសាមានការ​គាំទ្រ​​ច្រើន​ជាង​មុន​ពេល​ចូល​ច្រៀង​នៅ​ផលិត​កម្មTown

ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៣៧(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖ ​ក្រោយ​ពេល​ផ្លាស់​ទៅ​ផលិត​កម្ម​ថ្មី​កញ្ញា​សាសា ហាក់​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាង​​ បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រនំ​ចាស់ ​ដែលជា​កំណើត​ដំបូង​នៃ​ជីវិត​ចម្រៀង​របស់​​នាង។ ផលិត​កម្ម​ដែល​សាសាកំពុង​យក​ធ្វើ​ជា​ទ្រនំ​នោះ​ គឺ​ផលិត​កម្ម Town ​ដែល​រួម​មានតារា​ចម្រៀង​​ល្បីៗ​ជាច្រើន​ដួង​ផង​ដែរ ដូចជា​កញ្ញា មាស សុខ​សោភា ​និង​លោក​ករុណា​ ពេជ្រ ជា​ដើម ។ ជួប​ជាមួយ​​កោះ​សន្តិភាព តារា​ចម្រៀង​​​​រូប​ស្រស់​​សា​សានិយាយថា ​​នាង​ប្រាក​ដ​ជា​​ទទួល​បានការ​គាំទ្រ​​ច្រើន​ជាង​មុន​ក្នុងពេល​ផ្លាស់​មក​​ នៅផលិត​កម្ម Town រួម​ជា​​​មួយ​មិត្តភក្តិ​​របស់​នា​ង គឺកញ្ញា​មាស​ សុខ​សោភា ។ ក្រោយពេល​​ចូល​ច្រៀង​ឱ្យ​ផលិត​កម្ម Town  មានក្រុមហ៊ុន​ និងស្ថានីយ​​ទូរទស្សន៍​មួយចំនួនធំ​អញ្ជើញ​​នាង​​ឱ្យ​ទៅ​ច្រៀង​ជាបន្តបន្ទាប់ ​ហើយ​​ពេល​ដែលនាង​ច្រៀង​ម្តងៗ​ ទស្សនិក​ជន​​គាំទ្រ​​យ៉ាង​​ខ្លាំង។
តាម​ពិត​ទៅ​អ្វី​ដែលសាសា​​បាននិយាយ​​ គឺ​ដូច​គ្នា​នឹង​ការ​លើក​ឡើង​​របស់ប្រិយមិត្តយុវ​វ័យ ​ដែល​ថា ​សាសា​​ចាប់​ផ្តើម​ល្បី​ខ្លាំង​តាម​​រយៈបទ «បែក​គ្នាព្រោះអ្នក​ទី៣» របស់​​ផលិត​កម្ម​​ Town ។ ចំណែក​វ៉ុល​ទី៨​ដែល​ជា​វ៉ុល​ថ្មី​របស់​ផលិត​កម្ម​នេះ ​បទចម្រៀង​​ពីរបទ​​របស់​សាសា​កំពុង​ទទួល​​បាន​ការ​គាំទ្រ​​​យ៉ាង​​ខ្លាំង​ នោះ​​គឺបទ​«មេរៀន​ទឹកភ្នែក»​ និងបទ «​អស់​ការ​អត់​ធ្មត់»​​​ដែលគេ​គិតថា នឹង​នាំ​ឱ្យកេរ្តិ៍ឈ្មោះ​សាសា​​កាន់​​តែលេច​ត្រដែតក្នុង​វិស័យ​សិល្បៈ​ ចម្រៀង​នៅ​កម្ពុជា ។
សាសា​​កំពុង​តែ​មាន​ការមមាញឹក​​ខ្លាំង​ចំពោះ​​ការ​ងារ​សិល្បៈ​ដែល​ក្រៅពី​ ថតបទ​ចម្រៀង​​ឱ្យ​ផលិត​កម្ម​ Town គឺ​នាង​បាន​ច្រៀង ​ឱ្យ​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ច្រើនទៀត​​ដូចជា​ក្រុមហ៊ុន​ Cell Card និង​ក្រុម​ហ៊ុន Beeline ​ជាដើម ។
ពាក់ព័ន្ធ​​បញ្ហា​ស្នេហា​​ដែល​បាន​លេច​ឮ​ជាបន្ត​ បន្ទាប់​នោះ សាសាបានសម្តែង​នូវការ​ពិត​ថា ​នាង​ពិត​​​ជា​មាន​អ្នក​ដែល​តាម​ស្រឡាញ់​មែន ​ហើយ​​​គេ​ជា​មនុស្ស​​សមរម្យ​ម្នាក់ ។ ​​
ចំពោះការចុះ​ផ្សាយ​​តាមរយៈ​ សារព័ត៌មាន​កន្លងទៅថា ​នាង​ទទួល​បានកាដូពីបុរស​​អ្នក​មាន​ទ្រព្យ​​សម្បត្តិ​ម្នាក់​នោះ គឺ​ជា​ការ​ចុះផ្សាយ​មិនចំ​​ការ​ពិត ។​ នាងបញ្ជាក់​​ថា ​ការប្តូរ​ម៉ូដ​រថយន្ត​​ គឺ​ជា​​ការចំណាយ​ប្រាក់របស់ឪពុក​ម្តាយ​រួមនិង​ប្រាក់​​សន្សំ​របស់នាង​ពីមុខ​ របរ​ប្រចាំថ្ងៃប៉ុណ្ណោះ។
ចំពោះ​បុរស​ដែល​មានទំនាក់​ទំនង​ជាមួយ​នាង​នោះ​ សាសា​ប្រាប់ថា ​គេ​គឺ​ជា​អ្នករក​ស៊ី​​​ម្នាក់ មិន​មែន​ជា​អ្នក​សិល្បៈ​​ដូច​រូប​នាង​​ទេ ព្រោះ​​តែ​អ៊ីចឹង​ហើយ​បានជា​នាងមិន​ទាន់​​ហ៊ាន​អះអាង​ថា នៅ​ថ្ងៃ​អនាគត​​នឹង​មាន​ការ​ប្រែប្រួល​​យ៉ាង​ណា​នោះ ។​​ តែ​នាង​គិតថា ​បញ្ហា​​អនាគត​​ គឺ​ទុក​ឱ្យ​ព្រហ្ម​លិខិត​ជាអ្នក​កំណត់។
តាម​ប្រវត្តិ​ កញ្ញា​សាសា​បាន​ចូលប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​នៅឆ្នាំ​២០០៥ ដែលកាលណោះ​​នាង​ជាតារាសម្តែង ។ ក្រោយ​មក​ប្រហែល​ជា​ក្នុង​ឆ្នាំ​២០០៧ ​​នាង​ចូល​សាកល្បង​ច្រៀង​ឱ្យ​ ផលិត​កម្ម​ក្លា​ស៊ីក ។​ នាងបំពេញ​ការសិក្សា​​បាន​ត្រឹមតែ​ថ្នាក់ទី១២​ប៉ុណ្ណោះ ​និង​មិន​ទាន់​​បន្ត​ការ​សិក្សា​ជាទៀត​នៅឡើយទេ ៕

No comments:

Post a Comment