អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ ព្រំដែន(PSF-ONGD)កំពុង​ពង្រឹង​នូវ​តួនាទី និង​ចំណេះ​ដឹង​ជន​បង្គោល​ជា​ស្ត្រី​នៅ​តាម​សហគមន៍​ជនជាតិ​ភាគតិច​ក្នុង​ ខេត្ត​រតនគីរី​

ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)ដោយ​មាន​ការ​សហការ​ជា​ មន្ទីរ​កិច្ចការ​នារី​ខេត្ត​រតនគីរី បាន​នឹង​កំពុង​បណ្ដុះបណ្ដាល​ស្ត្រី​បង្គោល​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ​២០០​នាក់​មក​ពី​១៦៧​ភូមិ​នៅ​មជ្ឈមណ្ឌល​ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍន៍​ក្នុង ​ក្រុង​បាន​លុង​។
ស្ត្រី​ដែល​កំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​គឺ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ភូមិ ​ ខ្លះ​មាន​តួនាទី​ជា​ចាស់​ទុំ​ភូមិ ប្រធាន​/អនុប្រធាន​ភូមិ ជំនួយ​ការ​ភូមិ ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ ឆ្មប​បុរាណ នារី​ឃុំ​ទទួល​បន្ទុក​កិច្ចការ​ស្ត្រី​និង​កុមារ​និង​កិច្ចការ​នារី​ស្រុក​ ជាដើម​។ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​ដោយ​មាន​ការ​សហការ​ ជាមួយ​មន្ទីរ​កិច្ចការ​នារី​បាន​ធ្វើការ​ផ្ដល់​ចំណេះដឹង​ដល់​ស្ត្រី​បង្គោល​ តាំង​ពី​ឆ្នាំ​២០០៧​មក​ម្លេះ ដោយ​មាន​ការ​បណ្ដុះបណ្ដាល​ផ្ដល់​ចំណេះដឹង​ពាក់ព័ន្ធ​ពី​បញ្ហា​សុខភាព​មាតា សុខភាព​បន្ត​ពូជ​និង​សុខភាព​កុមារ ​ព្រម​ទាំង​បាន​ជួយ​គាំទ្រ​ពួក​គាត់​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ទាំង​នេះ​ ដល់​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់​។
ជា​ធម្មតា​ស្ត្រី​បង្គោល​ទាំង​២០០​នាក់​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម ​ដោយ​ក្នុង​មួយ​ក្រុម​មាន​ប្រហែល​ជា​២៣​នាក់​ទៅ​តាម​ជន​ជាតិ​និង​ភាសា​ដែល​ ពួក​គាត់​និយាយ​។ ពួក​គាត់​ត្រូវ​ឡើង​មក​ក្រុង​បាន​លុង​ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល ​មួយ​សប្ដាហ៍​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​ដោយ​ស្នាក់​នៅ​រួម​គ្នា សិក្សា​រួម​គ្នា​នៅ​មជ្ឈមណ្ឌល​ហើយ​ពួក​គាត់​ត្រូវ​បាន​បណ្ដុះបណ្ដាល​ពី​វិធី ​សាស្ត្រ​ដើម្បី​ធ្វើ​អោយ​មាន​ការ​ចូល​រួម អំពី​សិទ្ធិ បញ្ហា​សុខភាព យេនឌ័រ និង​បញ្ហា​អំពើ​ហិង្សា...។
សៀវភៅ​ណែនាំ​សម្រាប់​ស្ត្រី​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​បើកទូលាយ(OI)និង​ អង្គការ​សន្តិភាព​និង​ការអភិវឌ្ឍន៍​(PyD)ត្រូវ​បាន​កែ​សម្រួល​ដោយ​អង្គការ​ សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​ដើម្បី​ប្រើប្រាស់​ជា​សម្ភារៈ ​សិក្សា​មួយ​សម្រាប់​បណ្ដុះបណ្ដាល​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។ នៅ​អំឡុង​ពេល​បណ្ដុះបណ្ដាល​គ្រូ​សម្របសម្រួល​ដែល​មាន​បទពិសោធន៍ ​និង​ស្ត្រី​បង្គោល​បាន​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ ទៅ​មក​។ ហើយ​ការ​ពិភាក្សា​និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​នេះ​មិន​ត្រឹម ​តែ​នៅ​ពេល​សិក្សា​នោះ​ទេ​សូម្បី​តែ​នៅ​ហូបបាយ ពេល​សម្រាក ងូតទឹក​ពួក​គាត់​បាន​ពិភាក្សា​គ្នា​រហូត​ព្រម​ទាំង​បាន​បង្កើន​ទំនាក់ទំនង​ រវាង​គ្នា​និង​បង្កើត​បណ្ដាញ​ស្ត្រី​មិន​ផ្លូវ​ការ​មួយ​ទៀត​ផង​។
នៅ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​ភូមិ​រៀង​ៗ​ខ្លួន​វិញ ការ​ផ្ទេរ​ចំណេះដឹង​ត្រូវ​បាន​ធ្វើ​ឡើង​គឺ​មិន​ត្រឹម​តែ​ចំណេះដឹង​ដែល​បាន​ សិក្សា​បណ្ណោះ​ទេ ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ស្ត្រី​នៅ​តាម​ភូមិ​ដទៃ​ៗ​ក៏​ត្រូវ​បាន​ ផ្សព្វផ្សាយ​បន្ត​ដល់ ប្រជាជន​នៅ​ក្នុង​ភូមិ​ផង​ដែរ​៕
 

No comments:

Post a Comment