ដោយ ម៉ម មុនីរតន៍
2012-06-14
កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះ ពលការិនីម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះដោយសុវត្ថិភាពមកដល់ប្រទេសកម្ពុជាវិញ ពីប្រទេសម៉ាឡេស៊ី។ បញ្ហានេះ ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា គោលនយោបាយរបស់រដ្ឋាភិបាលហាក់ពុំមានប្រសិទ្ធភាពនោះទេ បន្ទាប់ពីបានចេញបទបញ្ជាផ្អាកការនាំចេញពលករបណ្ដោះអាសន្នទៅប្រទេសម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១១។
កញ្ញា ខាន់ ភាន់៖ «ពីមុនមក៍ ខ្ញុំក៏អត់ជឿដែរ លឺគេនិយាយថា កុំទៅស្រុកគេ គេធ្វើបាប ខ្ញុំអត់ជឿ ខ្ញុំថាខ្ញុំទៅផ្ទាល់ ដល់ទៅផ្ទាល់ខ្ញុំបាក់ស្បាតខ្លួនឯង»។
រៀបរាប់ពីទុក្ខវេទនានៅប្រទេសម៉ាឡេស៊ី ជាទីដែលនាងធ្លាប់រស់នៅក្នុងស្ថានភាពជូរចត់ និងការភ័យខ្លាចពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយរង់ចាំតែព្រេងវាសនា អាចបានវិលត្រឡប់មកកម្ពុជាវិញដូចបំណង។ កញ្ញា ខាន់ ភាន់ បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៣ ខែមិថុនា ថា ការរស់នៅ និងការប្រកបការងារនៅប្រទេសម៉ាឡេស៊ី ពិតជាមិនដូចអ្វីដែល ខាន់ ភាន់ ធ្លាប់គិតនោះទេ ពោលគឺនៅមុនការចាកចេញពីប្រទេសកម្ពុជា កញ្ញា ខាន់ ភាន់ ឲ្យដឹងថា ទំនងជាអាចកើប ឬប្រមូលប្រាក់បានច្រើន ដូចអ្វីដែលរូបនាងបានទទួលព័ត៌មានពីក្រុមហ៊ុនឈ្មោះ ភី.អ៊ិន.ធី (PNT) ដែលធានា និងអះអាងថា ការងារស្រួល និងទទួលបានប្រាក់ខែខ្ពស់ក្នុងមួយខែៗ។ តែ ខាន់ ភាន់ ឲ្យដឹងថា នៅទីបំផុតជីវិតរស់នៅមិនស្មើសត្វដែលគេចិញ្ចឹមនៅតាមផ្ទះនោះទេ។
កញ្ញា ខាន់ ភាន់៖ «ទៅដល់ គេឲ្យហូបទទេមែនមួយខែដំបូង ដល់រួចក្រៅពីហ្នឹង គេកាត់ប្រាក់ខែអង្ករ ខ្លួនឯង ម្ហូបខ្លួនឯង ទឹកខ្លួនឯង ប្រើហ្គាស៍ ខ្លាញ់ ប្រេង ការហូបចុកទាំងអស់ កាត់ប្រាក់ខែចាប់ផ្តើមពីបានមួយខែទៅ រួចហូបក៏អត់បានហូបសូម្បីតែខ្លាញ់ ប្រេង ខ្ទឹម ក៏អត់បានហូបដែរ។ ហូបតែបន្លែសណ្តែកបណ្តុះពណ៌ស ដាក់អំបិលឲ្យយើងហូបឡែមៗទេ ជាមួយបាយហ្នឹង ហើយហូបបាយតិចៗទេ»។
មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តកំពត គឺលោក ឌឿ សុខុម លោកចាត់ទុកថា គោលនយោបាយទប់ស្កាត់បណ្ដោះអាសន្នរបស់រដ្ឋាភិបាល ក្នុងការពន្យារការនាំចេញពលករ ទៅស្វែងរកការងារធ្វើនៅប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងទៅនេះ គឺពុំមានប្រសិទ្ធភាពនោះទេ។ ក្នុងន័យនេះ លោកអះអាងថា ភាពចម្រូងចម្រាសលើផ្នែកនេះ នៅតែបន្តកើតមានក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនៅឡើយ តាមរយៈក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិនាំពលករទៅក្រៅប្រទេស។
លោក ឌឿ សុខុម៖ «សេចក្តីជូនដំណឹង ឬក៏អនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ដែលបានដាក់ជូនឲ្យទៅផ្នែកក្រសួងការងារ ដែលក្រសួងទទួលបន្ទុកក្នុងការដែលនាំពលករចេញទៅក្រៅប្រទេសអីហ្នឹង គឺដូចជាមិនបានអនុវត្តទៅតាមសេចក្តីជូនដំណឹងទាំងអស់ហ្នឹងទេ»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ខេត្តកំពត ឲ្យដឹងថា គិតត្រឹម ៤ខែដើមឆ្នាំ២០១២ នេះ មាន ៤ករណីដែលចំនួនតួលេខនេះ បើប្រៀបធៀបឆ្នាំ២០១១ នៅតែមានកំណើនកើនឡើងទ្វេដងនៅឡើយ ចំពោះពលករចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសប្រទេសម៉ាឡេស៊ី។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចេញបទបញ្ជាភ្លាមៗ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ នៅបន្ទាប់ពីទទួលបានសំណើរបស់លោកស្រី មូរ សុខហួ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។ តាមរយៈសំណើដោយផ្ទាល់មាត់នេះ លោកស្រី មូរ សុខហួ បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសេចក្តីសម្រេចមួយ ដោយផ្អាកក្រុមហ៊ុនឯកជននានា ដែលមានបេសកកម្មនាំពលករទៅប្រទេសម៉ាឡេស៊ី។ ក្នុងន័យនេះ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងរកឃើញថា មានភាពមិនប្រក្រតីជាច្រើនកើតឡើង ចំពោះពលករដែលទៅធ្វើការនៅក្រៅប្រទេស ដូចជា ត្រូវគេជួញដូរផ្លូវភេទ ការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរលើសកម្លាំងពលកម្មជាដើម ពីសំណាក់ម្ចាស់ផ្ទះ ជាពិសេសនៅម៉ាឡេស៊ី។
ស្ថិតក្រោមហេតុផលនេះ កញ្ញា ខាន់ ភាន់ ដែលទើបត្រូវបានបញ្ចប់កុងត្រារយៈពេល ២ឆ្នាំជាមួយក្រុមហ៊ុន ភី.អ៊ិន.ធី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ និងត្រូវបានអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ ដើម្បីអាចវិលត្រឡប់មកដល់ប្រទេសកម្ពុជាផងនោះ ថ្លែងថា ផ្ទុយពីការលើកឡើងរបស់ក្រុមហ៊ុន ភី.អ៊ិន.ធី ដែលសំអាងថា ធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងទទួលអត្ថប្រយោជន៍គ្រប់បែបយ៉ាង ដោយរួមទាំងប្រាក់ឈ្នួល និងការហូបចុកគ្រប់គ្រាន់នោះ ខាន់ ភាន់ បញ្ជាក់ថា តែនៅទីបំផុត រូបនាងត្រូវបានថៅកែនៅម៉ាឡេស៊ី បង្ខំធ្វើការលើសកម្លាំង និងទទួលរងការគម្រាមកំហែងផ្នែកផ្លូវចិត្តថែមទៀតផង។
កញ្ញា ខាន់ ភាន់៖ «ធ្វើការយ៉ាប់ណាស់ ខ្ញុំធ្វើការតាមផ្ទះក្នុងមួយថ្ងៃ៣នាក់ ហើយរួចហើយ៥ផ្ទះទៅ៦ផ្ទះ ហើយធ្វើការ យើងធ្វើការអត់ស្អាតតិចតួចហ្នឹង ពួកវាម្ចាស់ផ្ទះនៅហ្នឹង វៃធ្វើបាបយើង ពេលដល់ផ្ទះ គេអត់ឲ្យយើងហូបសម្លទេ ឲ្យយើងហូបបាយផ្ទាល់ទទេ»។
ដោយមានដើមកំណើតជាកសិករនៅភូមិត្រពាំងឈូក ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត កញ្ញា ខាន់ ភាន់ រៀបរាប់ទៀតថា នៅមានពលករខ្មែរជាច្រើនផ្សេងទៀត ត្រូវទទួលរងការធ្វើបាបពីថៅកែជាជនជាតិម៉ាឡេស៊ី រហូតដល់ស្លាប់ និងបង្ខំឲ្យរួមភេទជាមួយសត្វឆ្កែជាដើម។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីលោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជននៃក្រសួងមហាផ្ទៃ។ ចំណែកក្រុមហ៊ុន ភី.អ៊ិន.ធី ដែលរងការចោទថា នៅតែបន្តនាំពលករទៅប្រទេសម៉ាឡេស៊ី និងថាបានគេចវេសពីការទទួលខុសត្រូវចំពោះជោគវាសនារបស់ពលរដ្ឋនោះ វិទ្យុអាស៊ីសេរី ក៏ពុំអាចស្នើសុំការបំភ្លឺបានដែរនៅថ្ងៃទី១៣ ខែមិថុនា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ អង្គការ ខារ៉ាម កម្ពុជា បានរៀបចំវគ្គសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ទាក់ទិនបញ្ហានេះ លោក យ៉ា ណាវុធ ប្រធានអង្គការ ខារ៉ាម កម្ពុជា លោកមានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ថា ឆ្លងតាមការពិគ្រោះយោបល់កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ទាំងកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី កំពុងពិនិត្យមើលនូវលក្ខខណ្ឌច្បាប់មួយចំនួន និងកែតម្រូវផ្នែកខ្លះទៀត ដែលគិតថា ជាចំណុចអវិជ្ជមាន ដើម្បីស្វែងរកកត្តារួមមួយ មុននឹងចុះអនុស្សរណៈយោគយល់គ្នា ឬអ៊ិម.អូ.យូ ( MOU)។
លោក យ៉ា ណាវុធ៖ «កែជាពាក្យពេចន៍សម្រួលភាសាអង់គ្លេស កុំឲ្យវាធ្ងន់ពេកអញ្ចឹងទៅណាស់។ អញ្ចឹងយើងសង្ឃឹមថា កម្ពុជា និងម៉ាឡេស៊ី អើនឹងអាចអនុស្សរណៈយោគយល់គ្នាក្នុងពេលឆាប់ៗខាងមុខហ្នឹង ស្តីអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនោះ»។
វិលមករកពលការិនី ដែលទើបត្រូវបានគេបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា វិញ កញ្ញា ខាន់ ភាន់ បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប កុំប្រាថ្នាចង់ទៅបម្រើការនៅប្រទេសម៉ាឡេស៊ី ដូចការឃោសនារបស់ក្រុមហ៊ុនឯកជន ឬសេវាកម្មស្វែងរកការងារធ្វើ ដែលសន្យា និងធានាថា ទទួលបានប្រាក់ឈ្នួលខ្ពស់ និងការហូបចុកគ្រប់គ្រាន់។ កញ្ញា ខាន់ ភាន់ ចាត់ទុកថា ជាព័ត៌មានមិនពិតនោះទេ។
កញ្ញា ខាន់ ភាន់៖ «សូមផ្ដាំផ្ញើ បើថាមានបងប្អូនចង់ទៅប្រទេសម៉ាឡេស៊ីធ្វើការ ឈប់ទៅ បើថាធ្វើការ មានៗហើយមានអ្នកស្រណុក។ ខ្ញុំជឿថា មានអ្នកស្រណុកគេនៅតាមផ្ទះ ប៉ុន្តែដូចខ្ញុំលឺពាក្យថា ជាក្រុមមិនបាច់ទៅទេ»។
យ៉ាងណាក៏ដោយ បុរាណភាសិតមួយឃ្លាបានពោលទុកថា ជួញជិតជាជាងជួញឆ្ងាយ។ ក្នុងន័យនេះ ការផ្សងព្រៀងទៅស្វែងរកការងារធ្វើនៅទីឆ្ងាយ មិនប្រាកដថា ទទួលបានលាភសំណាង ឬផលល្អគ្រប់យ៉ាងនោះទេ តួយ៉ាងដូចករណី កញ្ញា ខាន់ ភាន់ នេះជាដើម៕
No comments:
Post a Comment