2012-06-20
ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានមើលឃើញថា អំពើហិង្សាក្នុងគ្រួសារទៅលើស្ត្រី និងកុមារ នៅតែជាបញ្ហាដែលមិនទាន់មានការយកចិត្តទុកដាក់ដោះស្រាយឱ្យបានខ្លាំងក្លានៅឡើយ ពីអាជ្ញាធរ និងស្ថាប័នតុលាការ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលខ្លះ បានទាមទារឱ្យអាជ្ញាធរយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការលុបបំបាត់ភាពរើសអើង តាមរយៈការអនុវត្តច្បាប់ ការពង្រឹងប្រព័ន្ធតុលាការ ដើម្បីពន្លឿននូវសកម្មភាព យេនឌ័រ ក្នុងប្រទេសកម្ពុជាឱ្យបានប្រសើរ។
អង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលកំពុងធ្វើកិច្ចការពារលើស្ត្រី នៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ជាច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារជាច្រើន ក្នុងកិច្ចជួយការពារស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបានតាក់តែងច្បាប់ប្រឆាំងអំពើហិង្សា និងធ្វើការអប់រំផ្សព្វផ្សាយជាដើម។ ក៏ប៉ុន្តែបញ្ហានេះ គេនៅតែមើលឃើញជាកង្វល់ដ៏ធំធេង ដោយសារតែអាជ្ញាធរនៅតាមមូលដ្ឋាន និងប្រព័ន្ធតុលាការនៅមិនទាន់សូវបានយកចិត្តទុកដាក់ឱ្យខ្លាំងក្លា ក្នុងការចូលរួមដោះស្រាយប៉ុន្មានទេ។
នៅឯខេត្តសៀមរាប ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួន៣ទៀត នៃភាគឧត្តររបស់ប្រទេសកម្ពុជា គឺមានស្ត្រីខ្លះបានបង្ហាញការតូចចិត្ត នៅពេលដែលពួកគេបានទទួលរងអំពើហិង្សាក្នុងគ្រួសារ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ប៉ុន្តែសង្គមបានទុកឱ្យគេទទួលការរងឈឺចាប់ និងព្យាយាមទុកឱ្យដោះស្រាយបញ្ហាដោយខ្លួនឯងនោះ។
ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះរស់នៅភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប បានមានប្រសាសន៍ថា ប្ដីរបស់គាត់ជាអ្នកធ្វើការនៅអង្គភាពវិស្វកម្មមួយ ហើយនៅពេលខ្លះ ប្ដីរបស់គាត់ផឹកស្រា គឺរករឿងឈ្លោះ និងវាយដុំលើរាងកាយរបស់គាត់ ក៏ប៉ុន្តែអាជ្ញាធរ និងប៉ូលិសនៅក្នុងមូលដ្ឋានរបស់គាត់មិនដែលទទួលបណ្ដឹង និងជួយធ្វើការដោះស្រាយទេ។
ស្ត្រីដដែលបានមានប្រសាសន៍ថា រឿងប្ដីប្រើអំពើហិង្សាមកលើរូបគាត់ មិនត្រូវបានគេយកចិត្តទុកដាក់ដោះស្រាយឡើយ ក៏ប៉ុន្តែពេលខ្លះប្ដីរបស់គាត់ទៅមានស្រីផ្សេង ហើយគាត់មានកំហឹង ដោយគ្រាន់តែយកទឹកស្អុយទៅជះលើស្រីស្នេហ៍របស់ប្ដី បែរជាប៉ូលិស បានកោះហៅគាត់ទៅសាកសួរទៅវិញ។
ស្ត្រីមិនបញ្ចេញឈ្មោះ៖ «គាត់ហ្នឹង ត្រង់ថាការងារផ្ទះអត់អីទេ ក៏ប៉ុន្តែ ឱ្យតែគាត់ចេញបានទៅផឹក ទៅស៊ី នៅខេត្តអី មកវិញឈ្លោះប្រកែកគ្នា១ម៉ាត់២ គឺគាត់វាយតែម្តង។ ខ្ញុំប្ដឹងផ្តល់គ្នាប្រហែលជា ២ដង ៣ដងហើយ ប៉ូលិសគេថាវាយគ្នាបែកមុខ បែកមាត់ ដូចតែគាត់ដែរ តែប្ដីសុំទោសសុំអី ធ្វើល្អ ជានានិងគ្នាវិញ ត្រូវគ្នាហើយ មិនបាច់ប្ដឹងផ្ដល់អីទេ ទៅផ្ទះ ទៅអីទៅ។ កើតរឿងថ្មីៗពាក់ព័ន្ធស្រីហ្នឹង ធ្លាប់មកផ្ទះខ្ញុំបង្ករឿង បង្កអីចឹង គេទៅផ្ទះបងថ្លៃខ្ញុំ ខ្ញុំទ្រាំនឹងការខឹងអត់បាន ដល់ពេលអីចឹង ខ្ញុំយកទឹកស្អុយទៅជះលើម្នាក់ហ្នឹងទៅ គេកោះហៅខ្ញុំទៅអធិការស្រុក»។
ចំណែកអ្នកស្រី សូរ សុជាតិ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប គឺជាស្ត្រីម្នាក់ទៀត ដែលអះអាងថា រូបគាត់កំពុងរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ អ្នកស្រីបានមានប្រសាសន៍ថា ប្ដីរបស់គាត់ គឺជាមន្ត្រីរាជការម្នាក់ ដែលបម្រើការនៅក្នុងសាលាខេត្តសៀមរាប។ គាត់បានមានប្រសាសន៍ទៀតថា វាជាអំពើអយុត្តិធម៌មួយ នៅពេលដែលអ្នកស្រីទទួលរងអំពើហិង្សាផ្លូវចិត្ត ហើយខំស្វះស្វែងរកការជួយគាំទ្រផ្លូវច្បាប់ ដោយដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តសៀមរាប ក៏ប៉ុន្តែ គាត់បានទទួលលទ្ធផលមកវិញ ត្រឹមតែប្ដីបង់ប្រាក់ពិន័យ ហើយអ្នកស្រីក៏ត្រូវបានតុលាការផ្ដន្ទាទោស និងធ្វើការផាកពិន័យជាប្រាក់ផងដែរ នៅពេលដែលប្ដីប្ដឹងតបតវិញ។
អ្នកស្រី សូរ សុជាតិ៖ «ប្ដីខ្ញុំគាត់បំពានច្បាប់ មានខ្ញុំហើយ មានអេតាស៊ីវិលហើយ ក្រោយមកគាត់ទៅយកស្រីមួយទៀត បានចុះអេតាស៊ីវិលមួយទៀត ហើយខ្ញុំប្ដឹងគាត់ពីបទទ្វេពន្ធភាព។ ដល់ពេលតុលាការគេកាត់ឱ្យបង់ជំងឺចិត្តខ្ញុំតែ ៥លានរៀល ហើយនិងផាកពិន័យគាត់ ១លានរៀល អត់ផ្ដន្ទាទោសគាត់ទេ។ ក្រោយមកប្ដីខ្ញុំ គាត់ប្ដឹងខ្ញុំ ពីអំពើហិង្សា។ លើកមុន ដាក់ខ្ញុំពីបទប៉ុនប៉ងមនុស្សឃាត ក៏ព្រះរាជអាជ្ញាបានហៅខ្ញុំទៅសួរនាំ ថាខ្ញុំមិនបានធ្វើអីទេរឿងហ្នឹង ដល់ក្រោយមកតុលាការធ្វើសេចក្តីជូនដំណឹងមកខ្ញុំ សាលក្រមកំបាំងមុខពីបទ អំពើហិង្សាដោយចេតនា ហើយតុលាការបានកាត់ឱ្យខ្ញុំជាប់ពន្ធនាគារ ៦ខែ ហើយបង់លុយទៅឱ្យប្ដីខ្ញុំ ៣លានរៀល។ អីចឹង ស្ត្រីរងគ្រោះនៅតែរងគ្រោះអីចឹង មិនអាចទទួលយកបានទេ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងធ្វើការងារជួយដល់ស្ត្រី និងសមភាព យេនឌ័រ នៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា ការដោះស្រាយជួយដល់ស្ត្រី ក្នុងរឿងអំពើហិង្សា ហាក់ដូចជាមិនទាន់មានការផ្លាស់ប្ដូរទៅមុខ ឱ្យប្រសើរប៉ុន្មានទេ ពីសំណាក់សង្គម និងសាមីខ្លួនផ្ទាល់ ក៏ដោយ។
អ្នកស្រី រស់ សុភាព ជានាយិកាប្រតិបត្តិរបស់អង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។ អ្នកស្រី បានមានប្រសាសន៍ថា ថ្វីបើច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានអនុម័ត ដោយសភាជាតិ ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៥ ហើយចែងថា អំពើហិង្សា គឺជាការជាប់ពាក់ព័ន្ធរបស់សង្គម ដែលសង្គមត្រូវតែដោះស្រាយក៏ដោយ ក៏ប៉ុន្តែចំពោះអ្នកអនុវត្តច្បាប់នេះខ្លះ គឺមិនបានអាន និងយកច្បាប់ទៅអនុវត្តនៅឡើយទេ។
អ្នកស្រី រស់ សុភាព បានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏បានខិតខំប្រែងប្រែងផ្សព្វផ្សាយ និងអប់រំ ដើម្បីប្រឆាំងនិងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារដែរ ក៏ប៉ុន្តែអ្នកស្រីយល់ថា ការផ្សព្វផ្សាយនោះ គឺនៅមិនទាន់ដល់កម្រិតមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើន និងសង្គម មានការផ្លាស់ប្ដូរ ការយល់ដឹងនៅឡើយទេ ពីព្រោះទម្លាប់របស់ខ្មែររាប់រយឆ្នាំមកហើយ តែងចាត់ទុកថា អំពើហិង្សាក្នុងគ្រួសារ គឺជារឿងឯកជន ដែលត្រូវគ្រួសារខ្លួនឯង ជាអ្នកត្រូវដោះស្រាយផ្ទាល់។
អ្នកស្រី រស់ សុភាព៖ «សម្រាប់ខាងខ្ញុំ គឺជំរុញឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលមានសមត្ថកិច្ច ហើយនិងតុលាការ ជាពិសេសត្រូវយក គឺត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាហ្នឹង ឱ្យបានជាបន្ទាន់។ បើឃើញបណ្ដឹងរបស់ស្ត្រី ឬក៏ការត្អូញត្អែររបស់គាត់ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ ពីព្រោះស្ត្រីខ្មែរ នៅពេលដែលរស់នៅជាមួយនិងគូស្រករ ទាល់តែថា រឿងហ្នឹងវាដល់កហើយ បានគាត់និយាយចេញ ហើយបើគាត់និយាយចេញ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ កុំទុកយូរ បើមិនអីចឹងទេ វាដោះស្រាយអត់ចេញទេ ធ្វើឱ្យគាត់រឹតតែអត់ហ៊ានបង្ហាញតទៅទៀត»។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០១២ តួលេខនៃអំពើហិង្សាក្នុងគ្រួសារ នៅទូទាំងប្រទេសមានចំនួន ១៧៥ករណី។ តួលេខនេះ មានការថយចុះជាងកាលពីឆ្នាំមុនជាង ៧០ករណី បើប្រៀបធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា កាលពីឆ្នាំ២០១១ កន្លងទៅ គឺមានរហូតទៅដល់ ២៥១ករណីនោះ។
អ្នកស្រី ជួន ចំរុង ជាប្រធានផ្នែកអង្កេត បញ្ហាស្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា ថ្វីបើតួលេខនៃអំពើហិង្សាឆ្នាំនេះ បានថយចុះ ក៏ប៉ុន្តែ អង្គការក្រៅរដ្ឋាភិបាលនៅតែព្រួយបារម្ភទៅលើការអនុវត្តន៍ច្បាប់ ទប់ស្កាត់អំពើហិង្សានៅឡើយ។
អាជ្ញាធរនៅតាមមូលដ្ឋានជាច្រើន នៅមានការអនុវត្តន៍ច្បាប់ទប់ស្កាត់អំពើហិង្សា នៅមានកម្រិត បណ្ដាលឱ្យអ្នកដែលទទួលរងអំពើហិង្សា នៅតែទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរ និងពេលខ្លះរហូតដល់បាត់បង់ជីវិតផង។
មានឧបសគ្គមួយចំនួនដែលគេបង្ហាញថា ជាការលំបាក បណ្ដាលឱ្យការអនុវត្តន៍ច្បាប់នៅមានកម្រិត ដូចជាស្ត្រីដែលជាអ្នកទទួលរងអំពើហិង្សា នៅមានការខ្មាសអៀន ស្ថានភាពគ្រួសារក្រីក្រមិនអាចដាក់ពាក្យប្ដឹងទៅតុលាការ ហើយកត្តាសំខាន់មួយទៀត គឺមិនសូវមានជំនឿទៅលើតុលាការ ក្នុងពេលបច្ចុប្បន្ន៕
No comments:
Post a Comment