អ្នកស្រី ហ៊ីលឡារី គ្លិនតុន ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន

2012-07-11
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ សម្រាប់​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Uon Chhin
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នា​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។
នៅ​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​នេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​ធ្វើ​ជា​សហ​ប្រធាន នៃ​កិច្ច​ប្រជុំ​អាស៊ាន​បូក​សហរដ្ឋអាមេរិក (Asean plus U.S) នៅ​ឯ​វិមាន​សន្តិភាព។ អ្នកស្រី ហ៊ីលឡារី គ្លិនតុន ក៏​បាន​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​កិច្ច​ប្រជុំ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​បន្ត​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន (Asean) និង​បង្កើន​ទំនាក់​ទំនង​យុវជន​វ័យ​ក្មេង រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អនាគត​ឆាប់ៗ​នេះ ដើម្បី​ទៅ​សិក្សា​រៀន​សូត្រ នៅ​រដ្ឋ​ហាវៃ (Hawii) សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific)។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បង្កើន​ទំនាក់​ទំនង​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​បញ្ហា​អាទិភាព​ខ្ពស់ នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស៖ «វា​ជា​យុទ្ធសាស្ត្រ​សសរ​ទ្រូង​សំខាន់ ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​អាស៊ាន និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ខ្ញុំ​សូម​គាំទ្រ​អាស៊ាន ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា អាស៊ាន ប្រឈម​មុខ​ជាមួយ​បញ្ហា​ផ្សេងៗ ហើយ អាស៊ាន ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់ រក្សា​ផល​ប្រយោជន៍ នៃ​ប្រទេស​ជា​សមាជិក»
អ្នកស្រី​បាន​បន្ត​ថា យើង​បង្កើត​នូវ​យុទ្ធសាស្ត្រ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ៦​ចំណុច ជា​សសរ​ទ្រូង​ដូច​តទៅ ទី១ កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​តំបន់ ទី​២ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទី​៣ ការ​ត​ភ្ជាប់​រវាង​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម ទី​៤ ទប់​ស្កាត់​ការ​គំរាម​កំហែង​ជា​អន្តរជាតិ ទី​៥ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​ទី​៦ សហរដ្ឋអាមេរិក មិន​ត្រឹម​តែ​ធ្វើ​ការ​ជា​ទ្វេភាគី​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ការ​ជា​ពហុភាគី​ដែរ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ។
នៅ​ថ្ងៃ​បញ្ចប់​ទស្សនកិច្ច អ្នកស្រី​នឹង​ដឹកនាំ​ប្រតិភូ អ្នក​ជំនួញ​សហរដ្ឋអាមេរិក​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​កន្លង​មក ចូល​រួម​ក្នុង​វេទិកា​ជំនួញ​លើក​ដំបូង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប សម្រាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​យូរ​អង្វែង និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment