អត្ដបទព័ត៌មានវិទ្យុអាស៊ីសេរី
ពីស្ត្រីមេផ្ទះមកជាសកម្មជនតវ៉ាការបណ្ដេញចេញពីលំនៅឋានកម្ពុជា រហូតដល់បានទទួលពានរង្វាន់ស្ត្រីជាមេដឹកនាំពិភពលោក នៅចំពោះមុខអនុប្រធានាធិបតីសហរដ្ឋអាមេរិក អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភា រដ្ឋសភាអាមេរិក និងបណ្ដាភ្ញៀវកិត្តិយសសំខាន់ៗរាប់ពាន់នាក់ទៀត។
ដោយ តាំង សារ៉ាដា
សំឡេងហ៊ោកញ្ជ្រៀវទះដៃរបស់អ្នកចូលរួមជាង ២ពាន់នាក់ អបអរសាទរដល់ភាពអង់អាចក្លាហានរបស់អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បញ្ចប់ទៅនៅមុនការប្រគល់ពានរង្វាន់ស្ត្រីភាពជាមេដឹកនាំពិភពលោក របស់អង្គការវ៉ាយថល វ៉យស៍ (Vital Voices) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington)។
អ្នកស្រី ទេព វន្នី បានសម្ដែងក្តីរំភើបចំពោះមុខមហាជន រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយឌិន (Joe Biden) និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ថា អ្នកស្រីនឹងនៅតែបន្តភាពអង់អាចក្លាហានរបស់ខ្លួនតទៅទៀត ដោយឥតរុញរាក្នុងការតស៊ូដើម្បីឲ្យមានដំណោះស្រាយសមរម្យដល់សហគមន៍របស់អ្នកស្រី និងជំរុញឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា តំណាងអ្នកភូមិបឹងកក់ ម្នាក់ទៀត ដែលកំពុងជាប់ពន្ធនាគារ។
អ្នកស្រី ទេព វន្នី ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ខេនណឺឌី សិនធឺ (Kennedy Center) ថា ពានរង្វាន់ដែលអ្នកស្រីទទួលបាន គឺដើម្បីពលរដ្ឋសហគមន៍តំបន់បឹងកក់ និងពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំជាច្រើនទៀត៖ «វាជាពានសម្រាប់ខ្ញុំ ក៏ដូចជាសម្រាប់ពលរដ្ឋតំបន់បឹងកក់ ក៏ដូចពលរដ្ឋស្ត្រីដទៃទៀត ដែលកំពុងរងគ្រោះដោយការបណ្ដេញចេញហ្នឹង គឺមានសារសំខាន់សម្រាប់ពួកគេណាស់។ សំឡេងរបស់ពួកគាត់ មានការទទួលស្គាល់ ហើយពិភពលោកបានឮ និងបានគាំទ្រ ហើយគេមិនឲ្យយើងនៅឯកោទេ។ ពេលទៅវិញ តស៊ូមតិទៀត តវ៉ាទៀត ខ្ញុំសង្ឃឹមថាពេលខាងមុខនឹងមានលទ្ធផលល្អសម្រាប់អ្នកស្រី យ៉ោម បុប្ផា»។
នៅក្នុងឱកាសនៃការទទួលពានរង្វាន់នេះ អ្នកស្រី ទេព វន្នី បានជួបសន្ទនាជាមួយអ្នកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ចូ បាយឌិន អនុប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងបានថតឈរកៀកស្និទ្ធស្នាលជាមួយអ្នកទាំងពីរផងដែរ។
អង្គការវ៉ាយថល វ៉យស៍ កាលពីយប់ថ្ងៃអង្គារ បានប្រគល់ពានរង្វាន់មេដាយភាពជាអ្នកដឹកនាំពិភពលោកដល់ស្ត្រីមកពីប្រទេសកម្ពុជា ប៉ាគីស្ថាន (Pakistan) សូម៉ាលី (Somalia) ប៉ាឡេស្ទីន (Palestine) ប្រេស៊ីល និងដល់បងប្អូនប្រុសៗចំនួនបីនាក់ពីប្រទេសឥណ្ឌា ដែលតស៊ូប្រឆាំងអំពើហិង្សាលើស្ត្រីភេទ និងការជួញដូរមនុស្ស។
អ្នកចូលរួមទស្សនា និងអបអរក្នុងពិធីប្រគល់ពាននេះ លោក ដេវីដ ព្រេត (David Pred) ថ្លែងថា ពានរង្វាន់ដែលអ្នកស្រី ទេព វន្នី ទទួលបានជាកិត្តិយសមួយដ៏ធំធេងក្នុងការលើកទឹកចិត្តដល់ក្រុមសកម្មជនដីធ្លីនៅកម្ពុជា ដើម្បីសេរីភាព និងការទាមទារសិទ្ធិលំនៅឋានរបស់ពួកគេ៖ «នេះជាមហាកិត្តិយសណាស់សម្រាប់អ្នកស្រី ទេព វន្នី និងសម្រាប់សហគមន៍របស់អ្នកស្រីទាំងមូល ក៏ដូចជាពលរដ្ឋខ្មែរទូទៅ។ ខ្ញុំគិតថា ពាននេះនឹងអាចនាំឲ្យក្រុមអ្នកតវ៉ាទាំងអស់មានកម្លាំងចិត្តតទៅទៀត ដើម្បីទាមទារសិទ្ធិលំនៅឋាន យុត្តិធម៌ និងបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។ ពានរង្វាន់នេះដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញមិត្តរួមសហគមន៍របស់អ្នកស្រី ទេព វន្នី ដែលតែងតស៊ូដឹកនាំសហគមន៍ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា»។
លោកសង្ឃឹមថា ពានរង្វាន់នេះនឹងជាសារមួយទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យបញ្ឈប់ការប្រើអំពើហិង្សា ការចាប់ខ្លួន ឬឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្ស។
ចំណែកលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសនៃសិទ្ធិលំនៅឋាន ដែលចូលរួមក្នុងពិធីនោះដែរ បានសម្ដែងមោទនភាពចំពោះអ្នកស្រី ទេព វន្នី៖ «នេះជារង្វាន់មួយដ៏អស្ចារ្យ ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ដូចជាលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយឌិន ដែលបានគាំទ្រយ៉ាងខ្លាំងចំពោះស្ត្រី ហើយជាពិសេសចង់ឃើញអំណាចរបស់ស្ត្រីដើម្បីមានការផ្លាស់ប្ដូរ កុំឲ្យមានការប្រើអំពើហិង្សាទៅលើស្ត្រី»។
រីឯអ្នកចូលរួមម្នាក់ទៀត គឺអ្នកស្រី ឌែល ហាឌិន ថ្លែងថា អ្នកស្រីពេញចិត្តជាទីបំផុតក្នុងការលើកទឹកចិត្តដល់ក្រុមអ្នកទទួលពានទាំងអស់ ដែលពួកគេសុទ្ធតែជាមនុស្សក្លាហាន ហើយភាពក្លាហាននេះជាអាវុធដ៏សំខាន់បំផុតក្នុងការផ្លាស់ប្ដូរសង្គម៖ «យើងមកទីនេះទាំងអស់គ្នា ដើម្បីផ្តល់កិត្តិយសដល់ម្ចាស់ពានរង្វាន់ទាំងអស់នៅយប់នេះ ដែលមកពីតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោក។ ពួកគេគ្រប់រូបសុទ្ធតែបានប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិសេរីភាព តាមឆន្ទៈដ៏មុតមាំ»។
ទាំងលោកអនុប្រធានាធិបតី ចូ បាយឌិន និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងថា សិទ្ធិស្ត្រីជាសិទ្ធិមនុស្ស ហើយសហរដ្ឋអាមេរិក នឹងជំរុញឲ្យមានការលប់បំបាត់រាល់ទម្រង់នៃការប្រើអំពើហិង្សាគ្រប់រូបភាពមកលើស្ត្រីក្នុងពិភពលោក ហើយដើម្បីឲ្យប្រាកដថា ជនដៃដល់ក្នុងករណីនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។