Showing posts with label ប្រវត្តិស្រ្តីខ្មែរនិងជីវិត្តស្រ្តីខ្មែរ. Show all posts
Showing posts with label ប្រវត្តិស្រ្តីខ្មែរនិងជីវិត្តស្រ្តីខ្មែរ. Show all posts

រធាន​អង្គការ​ជួយ​ក្មេង​រើស​សំរាម​ជាប់​ជា​វីរ​នារី​ឆ្នើម​របស់ CNN ឆ្នាំ​២០០៨

«គេ​ទូរស័ព្ទ​មក​ប្រាប់​ដែរ មុន​គេ​ប្រកាស CNN ហ្នឹង​ថា សុំ​អបអរ​សាទរ ដែល​អ្នក​ឯង​បាន​ជាប់​ក្នុង​ជម្រើស​ចុង​ក្រោយ​នៅ​លើ​ពិភពលោក​ក្នុង​ចំណោម​៧៥ ប្រទេស​ហ្នឹង។ ខ្ញុំ​គេង​ក៏​មិន​លក់​... នឹក​ឃើញ​ថា វា​មិន​គួរ​ឲ្យ​ជឿ»។

នួន​ភិមាន
លោកស្រី នួន ភិមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ។
Photo courtesy Nuon Phymean



ខាង​លើ​នេះ​ជា​ប្រសាសន៍ លោកស្រី នួន ភីមាន អាយុ​៣៧​ឆ្នាំ ជា​វីរ​នារី​ម្នាក់ ក្នុង​ចំណោម​វីរជន ១០​នាក់ ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ដែល​បាន​ជ្រើសរើស​ចេញ​ពី​បេក្ខជន បេក្ខនារី ជិត ៤.០០០​នាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​ល្អិតល្អន់​ចេញ​ពី​ចំនួន​៧៥​ប្រទេស។ 
លោកស្រី នួន ភីមាន មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ចាម ជា​កូន​កំព្រា​ម្តាយ​តាំង​ពី​តូច។ លោកស្រី​អះអាង​ថា មុន​នឹង​ទូរទស្សន៍ CNN អាមេរិក សម្រេច​ជ្រើសរើស​ជា​វីរ​នារី​ឆ្នើម ក្រុម​ការងារ​ស្ថានីយ​ទូរទស្សន៍ CNN នោះ សាកសួរ​ជា​ច្រើន​ម៉ោង​អំពី​ការងារ​របស់​អង្គការ​ដែល​អ្នកស្រី​បង្កើត ដែល​ដាក់​ឈ្មោះ​ថា អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) ដែល​ជួយ​កុមារ​រើស​សំរាម កុមារ​ក្រីក្រ និង​ស្រ្តី​ខ្មែរ​គ្មាន​មុខ​របរ​យក​ទៅ​បណ្តុះ​បណ្តាល​ឲ្យ​បាន​រៀន​ពី​ថ្នាក់​មតេ្តយ្យ​រហូត​ដល់​ថ្នាក់​ទី​៩ និង​កុមារី​និង​ស្រ្តី​មួយ​ចំនួន​ទៀត ឲ្យ​រៀន​មុខ​ជំនាញ​ផ្សេងៗ​សម្រាប់​ចិញ្ចឹម​ជីវិត ៦០០​នាក់។
លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​គិត​ថា ទោះ​ជា​ក្រ​ក៏​យើង​ត្រូវតែ​ចេះ​អាន ចេះ​សរសេរ​ដែរ ហើយ​បើ​យើង​ចង់​ជួយ​ប្រទេស​ជាតិ​យើង គឺ​យើង​ត្រូវ​មាន​អ្នក​ចេះ​ដឹង​ឲ្យ​ច្រើន។ នេះ​គឺ​ថា បើ​យើង​មិន​មាន​អ្នក​ចេះ​ដឹង​ច្រើន ដូច​ក្លាយ​ជា​ក្មេង​ហិត​កាវ ឆក់ ប្លន់ គឺ​មក​ពី​គ្មាន​ភាព​ចេះ​ដឹង ហើយ​ជា​ពិសេស​ការ​អត់​ឃ្លាន​ហ្នឹង​តែ​ម្ដង»
លោកស្រី​អះអាង​ថា បទ​ពិសោធន៍​រហូត​បាន​ទទួល​ជ័យ​លាភី​នេះ បាន​មក​ពី​ធ្វើ​ការងារ​ជាង​១០​ឆ្នាំ​ជាមួយ​អង្គការ​អន្តរជាតិ​ល្បីៗ​មួយ​ចំនួន ពិសេស​រៀន​ពី​កុមារ​ក្រីក្រ​មួយ​ក្រុម ដែល​រើស​កាក​សំណល់​អាហារ​របស់​លោកស្រី​បោះ​ចោល​នៅ​សួន​ច្បារ​មាត់​ទន្លេ ក្រុង​ភ្នំពេញ ទើប​លោកស្រី​បង្កើត​ជា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ ហៅ​កាត់​ថា PIO នេះ ជួយ​កុមារ​ឲ្យ​បាន​រៀន​សូត្រ​និង​មុខ​ជំនាញ។ 
ហើយ​អង្គការ PIO បាន​ជួយ​សហការ​ពី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ទើប​ដំណើរការ​ជួយ​គ្រួសារ​ក្រីក្រ​បាន​រៀន​អក្សរ​និង​មុខ​ជំនាញ​រហូត​ដល់ ៦០០​នាក់។
លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ថា ៖ «ជីវិត​ខ្ញុំ​ផ្លាស់​ប្ដូរ​ពេល​ហ្នឹង​តែ​ម្ដង ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​មួយ​ដែល​ជួយ​ក្មេង​ហ្នឹង​ដោយ​ផ្ទាល់ ព្រោះ​ខ្ញុំ​បាន​ធ្វើការ​បទ​ពិសោធន៍​ជាមួយ UN ជាមួយ​អង្គការ​ផ្សេងៗ​ហ្នឹង​ច្រើន អ៊ីចឹង​ខ្ញុំ​ថា នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ជីវិត​ក្មេង​មាន​ការ​ផ្លាស់​ប្ដូរ»
តំណាង​ឲ្យ​ទូរទស្សន៍ CNN ចូលរួម​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ជាប់​ជា​វីរ​នារី​ឆ្នើម​ក្នុង​ចំណោម ១០​រូប ប្រចាំ​ទូរទស្សន៍ CNN បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា​ថា ក្រុម​ការងារ​របស់​ស្ថានីយ​នោះ​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង ដែល​លោកស្រី​កំពុង​ធ្វើការ​ជាមួយ​ក្រុម​កុមារ​រើស​សំរាម កុមារ​កំព្រា និង​គ្រួសារ​ក្រីក្រ។ 
រីឯ​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត កំពុង​ជួយ​ដល់​អង្គការ PIO បាន​ថ្លែង​ថា លោកស្រី នួន ភីមាន បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​នៅ​លើ​សកលលោក ឲ្យ​មាន​ចំណាប់​អារម្មណ៍​ដល់​ប្រទេស​កម្ពុជា​អំពី​វិធី​ជួយ​គ្នា ឲ្យ​មាន​មុខ​របរ​និង​ក្លាយ​ពី​កុមារ​អនាថា​ទៅ​រក​ការ​សិក្សា។
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ដែល​ជាប់​ជា​វីរ​នារី​ក្នុង​ចំណោម​១០​រូប ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨​ថា ៖ «គាត់​ជា​នារី​ដ៏​សាមញ្ញ​ម្នាក់ ប៉ុន្តែ​ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រជារាស្រ្ដ ដែល​មាន​ប្រជាជន​ទាំង​អស់ មាន​ជាង ៦​ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក។ នេះ​ក៏​ជា​មោទនភាព​មួយ​ដែរ​ចំពោះ​ប្រទេស​កម្ពុជា​យើង​ដែរ ដែល​យើង​បាន​ឃើញ​ថា យើង​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សុឆន្ទៈ អ្នក​ដែល​មាន​បំណង​ចង់​កសាង​សង្គម​មួយ ឬ​អ្នក​ដែល​មាន​បំណង​ចង់​ជួយ​សង្គម​របស់​យើង។ សព្វ​ថ្ងៃ​នេះ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដើម្បី​ធ្វើ​យ៉ាង​ណា​នៅ​ឆ្នាំ​២០១៥ យើង​ធ្វើ​ឲ្យ​ក្មេង​ដែល​កំពុង​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នេះ ធ្លាក់​នៅ​តិច​ជាង ៨%»
ក្នុង​ពិធី​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ជាប់​ជា​វីរ​នារី​ក្នុង​ចំណោម​១០​រូប ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ក្រុម​កុមារៗ​របស់​អង្គការ PIO ក៏​បាន​ចូលរួម​សម្ដែង​សិល្បៈ​ដែរ។
កុមារា ឈិន សុផាត សិស្ស​ថ្នាក់​ទី​២​នៃ​សាលា​អង្គការ PIO អះអាង​ថា គេ​កំពុង​រើស​អេត​ចាយ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ ស្រាប់​តែ​មាន​អង្គការ PIO ហៅ​ឲ្យ​ចូល​រៀន​ដោយ​មិន​បង់​ប្រាក់​និង​ផ្តល់​របប​អាហារ​ឲ្យ​ទៀត​ផង។
កុមារា ឈិន សុផាត រៀបរាប់​ដូច្នេះ​ថា ៖ «កាល​ពី​មុន​មក ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ដល់​ហើយ​ខ្ញុំ​រើស​សំរាម ក៏​ជួប​ម៉ាក់ ភីមាន ហើយ​គាត់​ក៏​នាំ​ខ្ញុំ​មក​ចូល​ក្នុង​សាលា PIO»
កុមារី​កំព្រា ឈ្មោះ ចាន់ណា កើត​នៅ​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង អះអាង​ថា សម្លៀក​បំពាក់ របប​អាហារ​ជំនាញ​កែ​សម្ជស្ស​និង​កំពុង​រៀន​ថ្នាក់​ទី​៩ នៅ​អនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្តើម​ចេញ​ពី​ការ​ឧបត្ថម្ភ​របស់​នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO ដែល​មាន​លោកស្រី នួន ភីមាន ជាប់​ជ័យ​លាភី​ជា​វីរនារី​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ប្រចាំ​ទូរទស្សន៍ CNN ឆ្នាំ​២០០៨។
កុមារី​សូម​បួងសួង​ឲ្យ​នាយិកា នួន ភីមាន ជាប់​លេខ​១ ក្នុង​ចំណោម​១០​នាក់​នោះ តាមរយៈ​ការ​ជួយ​បោះឆ្នោត​តាម​វ៉ឹបសាយថ៍ CNN.COM/HEROដើម្បី​បាន​ប្រាក់ ១០​ម៉ឺន​ដុល្លារ។
កុមារី ចាន់ណា រៀបរាប់​ដូច្នេះ​ថា ៖ «បើ​សិន​ជា​គាត់​ជាប់​ឆ្នោត​ខាង​នារី​ឆ្នើម ប្រាកដ​ជា​គាត់​មាន​លុយ​ច្រើន​នឹង​ជួយ​អ្នក​ក្រីក្រ រើស​អេតចាយ ដូចជា​រូប​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​គាត់​ជាប់​ជា​ស្រី​ឆ្នើម CNN»
ចំណែក​កុមារី សុខ សូម៉ាលី អាយុ​១៦​ឆ្នាំ អះអាង​ថា ទើប​រៀន​ថ្នាក់​ទី​៣ នៅ​សាលា​របស់​អង្គការ PIO និង​រៀន​ជំនាញ​កែ​សម្ជស្ស។ សុខ សូម៉ាលី ឲ្យ​ដឹង​ថា គេ​មក​ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​ទាច​ទឹក បន្សល់​កូនៗ ១០​នាក់​ឲ្យ​ឪពុក​ថែ​ទាំ។ គេ​មក​រស់​នៅ​ភ្នំពេញ យក​គំនរ​សំរាម​ជា​ផ្ទះ។ ក្រោយ​មក​អង្គការPIO បាន​ជួយ​ពួក​គេ​ឲ្យ​បាន​រៀន មាន​អាហារ​ហូប​និង​មាន​កន្លែង​ស្នាក់នៅ។
នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO លោកស្រី នួន ភីមាន បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​មាន​ទីតាំង​៣​កន្លែង នៅ​ក្នុង​ក្រុង​ភ្នំពេញ។ អង្គការ PIO បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​កុមារ​កំព្រា​ចំនួន​៣០​នាក់។
លោកស្រី នួន ភីមាន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ពេល​ឆាប់ៗ​នេះ ដើម្បី​ទទួល​រង្វាន់​និង​ពាន​រង្វាន់​ជា​វីរ​នារី​ឆ្នើម​ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ហូលីវូដ​ទីក្រុង Los Angeles ហើយ​ការ​ប្រកាស​លទ្ធផល​ជ្រើសរើស​ក្នុង​ចំណោម ១០​នាក់ ក្លាយ​ជា​វីរជន​ឆ្នើម​ម្នាក់​សម្រាប់​ទូរទស្សន៍ CNN អាមេរិក​ឆ្នាំ​២០០៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២៧ ខែ​វិច្ឆិកា ខាង​មុខ។
លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ថា ៖ «ប្រទេស​ខ្មែរ​តូច គេ​មិន​សូវ​ស្គាល់ ហើយ​ក្នុង​ចំណោម​ទាំង​អស់ ដូច​ប្រទេស​ផ្សេងៗ ដូច​ចិន ដូច​ថៃ លើ​ពិភពលោក ប៉ុន្តែ​ហេតុអី​បាន​ខ្មែរ​យើង​ជាប់? អ៊ីចឹង ៩​នាក់ សុទ្ធតែ​អ្នក​នៅ​អាមេរិក​ទេ តែ​គេ​ចេញ​ទៅ​ជួយ​នៅ​ប្រទេស​ផ្សេងៗ...។ ហើយ​យើង​ខ្មែរ ស្រ្តី​ខ្មែរ ហើយ​យើង​ជាតិ​ខ្មែរ យើង​ជួយ​កូន​ខ្មែរ»

អំពី ស្រ្តីភាព


ពាក្យ « ស្រី » មួយម៉ាត់ ដែលខ្មែរយើងប្រើជាឈ្មោះមនុស្សស្រីនោះ ឃ្លាតមកពីពាក្យសំស្រ្កឹត ថា
« ស្រ្តី » គឺមនុស្សជាតិដែលមានភេទទីទៃពីបុរស, ទីទៃពីខ្ទើយ ។ ភាសាបាលីថា «ឥត្ថី » ប្រែតាម ន័យវចនានុក្រមខ្មែរថា « មនុស្សដែលបុរសគួរចង់បាន, ដែលជាគូរនឹងបុរស » ។

ពាក្យ « ស្រី » មួយម៉ាត់ទៀត (សំ.) ដែលខ្មែរយើងច្រើនប្រើជាពាក្យរួមពីខាងដើមស័ព្ទដទៃ, ដូចជា ព្រះស្រីសព៌ជ្ញ (ព្រះសម្ពុទ្ធ), ស្រីសួស្តី, ស្រីស្រឹង្គារ ស្រីដែលមានលំអគួរឲ្យកើតសេចក្តី ស្រលាញ់,....។ ភាសាបាលីថា « សិរី » ប្រែថា លំអដែលគួរឲ្យកើតសេចក្តីស្រលាញ់, សួស្តី, មង្គល, ជោគ, សេចក្តីសុខ, សេចក្តីចំរើន, បុណ្យ, ភ័ព្វ, ព្រេងសំណាង, អំណាច, តេជះ ។
តទៅនេះ យើងនឹងលើកយក ភេទ លំអ និងករណីយកិច្ចរបស់ « ស្រ្តីភាព » មកពិចារណា ដូចតទៅៈ
ក) ភេទរបស់ស្រ្តីៈ តាមធម្មជាតិ ជាភេទខ្សោយ សាច់ទន់ជ្រាយ កាយទន់ភ្លន់ ចិត្តទន់ ឆាប់ខឹង ឆាប់ជា, ផ្ទុយពីភេទបុរសដែលជាខ្លាំង សាច់រឹង កាយរឹងប៉ឹង ចិត្តរឹង ក្រខឹង ក្រជា ។
រឿងខ្សោយ រឿងខ្សោយនេះ មិនថាតែភេទមនុស្សជាស្រីជាប្រុសនោះទេ សូម្បីតែភេទសត្វ ជាញីជា
ឈ្មោល ក៏ដូចគ្នា ។
ខ) លំអរបស់ស្រ្តីៈ ក្នុងគម្ពីរធម្មបទខុទ្ទកនិកាយ មាននិយាយពីលំអប្រាំប្រការរបស់ស្រ្តី (បញ្ចពិធកល្យាណី) ពោលគឺ លំអរបស់នាងវិសាខា ។ លំអទាំង ៥ នោះគឺៈ
១. កេសកល្យាណ លំអសក់
២. មំសកល្យាណ លំអសាច់
៣. អដ្ឋិកល្យាណ លំអឆ្អឹង លំអធ្មេញ
៤. ឆវិកល្យាណ លំអសម្បុរស្បែក
៥. វយកល្យាណ លំអវ័យ (ចាំសាច់) ។

លំអទាំង ៥ នេះ នាងវិសាខាមានគ្រប់ តាំងពីបឋមវ័យ រហូតដល់បច្ឆិមវ័យ។ ឯស្រ្តីដទៃទៀត មិនអាចរក្សាលំអទាំង ៥ បានគ្រប់វ័យទេ ។
មានលំអ ៣ ប្រការដោយឡែក ដែលគេឲ្យតម្លៃលើលំអស្រ្តីខ្មែរគឺ ល្អរូប ល្អរាង និងល្អរៅ ។
ព្រះភិក្ខុ ញ៉ែម គឹមតេង ប្រធានអង្គការសន្តិសេនា នៅខេត្តស្វាយរៀង បានមានពុទ្ធដីកា
បំភ្លឺអំពីន័យ នៃលំអទាំង ៣ ប្រការនេះថាៈ

ល្អរូប គឺមានរូបសម្បត្តិល្អណាស់ ទាំងញញឹមក៏ស្រស់ទៀត,
ល្អរាង គឺរូបភាព ហៅថាសណ្ឋានរាងល្អ
ល្អរៅ គឺសំដៅយកអាកប្បកិរិយាល្អ,មារយាទថ្លៃថ្នូរ,
ចិត្តគំនិងស្លូតបូត សុភាពរាបសារ ។

គ) ករណីយកិច្ចរបស់ស្រ្តីៈ ធម្មជាតិតាត់តែងស្រ្តីមក សម្រាប់ធ្វើជាមាតា
របស់លោកសំរាប់ ចិញ្ចឹមបុត្រធីតា ថែរក្សាគ្រឹះស្ថាន និងទ្រព្យសម្បត្តិ ។
តាំងពីដើមបឋមភទ្ទកប្បមក មនុស្សក្នុងលោកគ្រប់ប្រទេស គេនិយមទុកស្រ្តីឲ្យនៅតាម
ធម្មជាតិ គឺគេមិនឲ្យពួកស្រ្តីធ្វើការធ្ងន់, ប្រើកំលាំងខ្លាំង ដូចជាលើកដាក់ លីសែង កាប់គាស់
វាយដំ ធ្វើចម្បាំងជាដើមនោះទេ, ភារៈទាំងនេះ គេទុកជាភារៈខាងពួកបុរស, ឯពួកខាងស្រ្តី
គេប្រើតែខាង ការងារស្រាលៗ ដូចជា ស្លដាំ ដេរប៉ាក់ ថែទាំកូនចៅ ជាដើម ។ និយាយដោយ
ខ្លីគឺ ប្រុសៗជាអ្នកធ្វើ ការនៅព្រៃ ស្រីៗជាអ្នកធ្វើការនៅផ្ទះ ។
សម័យបុរាណ, ប្រទេសខ្លះ គេថ្នមពួកស្ត្រីដល់ទៅយកសំពត់រុំជើងតាំងពីតូចៗ ដើម្បីកុំឲ្យដើរ
ឆ្ងាយពីផ្ទះ ជាការទប់ភេទស្រ្តីឲ្យនៅតាមធម្មជាតិ, ប៉ុន្តែឥឡូវនេះប្រពៃណីនេះរលុបបាត់អស់
ទៅហើយ ។ ប្រទេសខ្មែរយើង ក៏និយមទុកពួកស្រ្តីឲ្យប្រព្រឹត្តទៅតាមធម្មជាតិដើមដែរ ។
សម័យបុរាណ, អ្នកស្រុកមិនឲ្យស្រ្តីរៀនអក្សរ, គេនិយាយបន្លាចគ្នាថា « មិនត្រូវឲ្យរៀនអក្សរ ព្រោះតែរៀនចេះទៅ និងសរសេរសំបុត្រទៅរកប្រុសឈ្មោលតាមអំពើចិត្ត » ។ ពាក្យបន្លាចនេះ បានធ្វើឲ្យស្រ្តីខ្មែរច្រើនភាគរយមិន ចេះអក្សរ, ប៉ុន្តែ សម័យបច្ចុប្បន្ន គេលែងឮពាក្យបន្លាចនេះ
ទៀតហើយ, គេត្រឡប់ជាឮនិយាយ ប្រាប់គ្នាថា ត្រូវតែឲ្យស្ត្រីរៀនសូត្រគ្រប់មុខវិជ្ជាដើម្បីសេចក្តី
រីកចំរើននៃប្រទេសជាតិ ។

ជីវប្រវត្តិ​ពិស្តារ​របស់​ប៉ិច​សង្វាវ៉ាន នាម​ដើម​ព្រហ្មសង្វាវ៉ានជាអ្នកនិពន្ធខ្មែរ




ថតឆ្នាំ២០០៨ក្នុងស្ទុយឌីយោម៉ូដ៊ែលអន្តរជាតិនៅភ្នំពេញ

ខ្ញុំ​ស្រឡាញ់​ អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ។​ ​ខ្ញុំ​តែង​តែ​គិតនិង​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​​មួយ​រូប​របស់​ កម្ពុជា​ហើយរមែង​តែង​តែ​ ចិញ្ចឹម​ចិត្ត​ប៉ង​ប្រាថ្នា​ជា​​និច្ច​ចង់​ចូល​ជា​សមាជិកា​មួយ​រូប​នៃ​សមាគម ​អ្នក​និពន្ឋ​ខ្មែរ។

ខ្ញុំ​ចាប់​កំណើត​នៅ​ថ្ងៃ​ទី ២៤​​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៤៧ ​នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ។ ខ្ញុំ​ជា​បុត្រី​ច្បង​របស់​លោក​ ចៅ យ៊ី ស៊ុម ​ចាង​ហ្វាង(សព្វ​ថ្ងៃគេ​ហៅ​ថា​ប្រធាន)សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ និង​លោក​ស្រី ឌីវណ្ណ​ ដឺឡូ​ប៉េស៍​ជា​មេផ្ទះ។ ខ្ញុំ​មាន​បង​ប្អូនទាំង​អស់​១២​នាក់ គឺ​ប្អូន​ស្រី​៧​នាក់ ​និង​ប្អូន​ប្រុស​៤​នាក់​ដែល​មាន​នាម​ដូច​ត​ទៅ​នេះ ៖
- ព្រហ្ម​ សង្វាវ៉ាន (ខ្ញុំ​ជា​កូន​ច្បង)
- ព្រហ្ម វ៉ាន់មុនី ​(ស្រី)
- ព្រហ្ម សិទ្ឋត្រា (ប្រុស)​ ត្រឡប់​មករស់នៅ​ប្រទេសកម្ពុជា​និង​ជា​រដ្ឋលេខាធិការនៃ​ក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។
- ព្រហ្ម​ សេរីគិត (ស្រី)
- ព្រហ្ម ​វេតថូរីយ៉ា (ស្រីស្លាប់​នៅ​ប្រទេស​លាវ​ឆ្នាំ​១៩៧៦)
- ព្រហ្ម​ វិជ្ជីឡា (ស្រី)
- ព្រហ្ម​ រិទ្ឋី​ (ប្រុស​ស្លាប់​នៅ​ប្រទេស​បារាំង​ខែ​សីហា​ឆ្នាំ​២០១០)
- ព្រហ្ម ​កេណ្ឌី(ប្រុស)
- ព្រហ្ម​ ដាវុធ(ប្រុស)
- ព្រហ្ម លាភ​បុណ្ណា (ស្រី)
- ព្រហ្ម​ សិទ្ឋី (ស្រី)
- ព្រហ្ម​ សូភី (ស្រី)
(រូបខាងក្រោម៖​ខ្ញុំនិង​ស្វាមីព្រមទាំងប្អូនៗទាំង១១​នាក់ថតជា​មួយបិតា​មាតាថតឆ្នាំ១៩៧២ក្នុងវីឡារបស់យើង​នៅ​ភ្នំពេញ)
សព្វ​ ថ្ងៃ​នេះ ប្អូន​ស្រីប្អូនប្រុសរបស់ខ្ញុំ៨​នាក់​រស់​នៅក្នុង​ប្រទេស​បារាំង (ក្នុងចំណោមនេះ ​មាន​ប្អូន​ប្រុស​ម្នាក់បាន​ត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ)​។​ ចំណែកឯប្អូនស្រីម្នាក់​និង​ប្អូនប្រុសម្នាក់់ទៀត​ បានចានចេញពីប្រទេសបារាំងទៅរស់​នៅឯ​សហរដ្ឋអាមេរិក។
ក្នុង​ បថម​សិក្សា​ ​ខ្ញុំ​រៀន​នៅ​សាលា​បុទុមរាជា​នា​ទី​ក្រុង​ភ្នំពេញ។​ ក្នុង​មធ្យម​សិក្សា​  ខ្ញុំ​រៀន​ថ្នាក់​ទី​៦​ទំនើប​ជាតិ​ក្នុង​វិទ្យា​ល័យ​សង្គម​រាស្រ្ត​និយម​នៅ​ ទូល​គក ​​  រួច​បាន​ផ្លាស់​មក​រៀន​នៅ​វិទ្យាល័យ​ព្រះ​យុគន្ឋរ​ចាប់​ពី​ថ្នាក់​ទី​៥​ ទំនើប​រហូតដល់​ថ្នាក់​ទី​២​ទំនើប​ជាតិ ទើប​បាន​ផ្លាស់​មក​រៀន​ថ្នាក់ទី​១​ទំនើប​ដល់​ថ្នាក់​ទី​បញ្ចប់​ផ្នែក​វិទ្យា ​សាស្រ្តពិសោធន៍​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្តិ​។​​ ខ្ញុំ​បាន​ជាប់​មធ្យម​សិក្សាប័ត្រ​ភាគ​ទី​២​នៅ​ឆ្នាំ ១៩៧០។
តាំង​ ពី​អាយុ​៨​ឆ្នាំ​ម្ល៉េះ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​និង​សៀវភៅ​បារាំង​ណាស់​ ។​ លុះ​ដល់​ចម្រើនវ័យ​បាន​១៣​ឆ្នាំ ​ចំណង់​ចំណូល​ចិត្ត​អាន​សៀវភៅ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​ៗ។​  ខ្ញុំ​និយម​អាន​សៀវភៅ​សិក្សា​ទាំង​ភាសា​ខ្មែរ   ​ភាសា​​បារាំង   និង​ សៀវភៅ​ប្រលោម​លោក​ខ្មែរ​ផ្នែក​មនោសញ្ចេតនា ​និង​ជីវិត​សោក​សៅ​។
អាយុ​ ១៦​​ឆ្នាំ​ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​រឿង​ខ្លីៗ​ ដោយ​ហេតុ​ថា មួយ​ថ្ងៃ​ មុន​ថ្ងៃ​ប្រឡងមធ្យម​សិក្សាប័ត្រភាគ​ទី១​ ឬបាក់អង( Baccalauréat 1ère partie) ​មិត្តនារី​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​មិន​ប្រឡង​ផ្លោះដូច​ខ្ញុំ​បាន​នាំ​គ្នា​មករំខានខ្ញុំ​ដល់​ផ្ទះ​ក្នុង​ ពេល​ដែល​ខ្ញុំ​កំពុង​តែ​រំលឹក​មេ​រៀន​ឡើង​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​ផ្លោះ​បាក់​អង​នៅ​ថ្ងៃ​ស្អែក។ ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា ខ្ញុំ​ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ ក៏​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ​ឡើយ​។​ អំពើ​នេះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​មិត្ត​ នារី​ទាំង​អស់​នេះ​ជា​ពន់​ពេក។ ការ​អន់​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់​ដង​ប៉ាកកា​បង្ហូរ​ទឹក​ខ្មៅ​ ជម្រុះ​ភាព​សៅហ្មង​តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ រួច​ផ្ញើ​ទៅ​ជូន​លោក​ ម៉ៅ ប៊ុន ថន ​ដែល​ជា​អ្នក​និពន្ឋ និង​ជា​អ្នក​រៀប​ចំ​ការ​ផ្សាយ​នាទី​ភាគ​និទាន​រឿង​ប្រលោម​លោក​ប្រចាំ​ វិទ្យុជាតិ​ភ្នំពេញ។ ​លោក​ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ​រឿង​អប់រំ ​ក៏​បាន​យក​សាច់​រឿង​ខ្លីៗ​របស់ខ្ញុំទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក ដែល​លោក​បាន​និពន្ឋ​ហើយ​ក៏​ផ្សាយ​តាម​រលក​អាកាស​វិទ្យុជាតិ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​ប៉ាកកា ឬ​រហស្សនាម ព្រហ្ម សុទ្ធ​ធីតា​របស់​ខ្ញុំ​ម្តង​ណា​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ទៅ​ហើយ​ថែម​ទាំង​មាន​មោទនភាព​យ៉ាង​ ក្រៃ​លែង​ក្នុង​គ្រា​នោះ។​ ម៉្លោះ​ហើយ ទឹក​ចិត្ត​ស្នេហា​អក្សរ​សាស្រ្ត និង​ការ​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ ដែល​បាន​ចាក់​ឬស​ដុះ​កប់​យ៉ាង​មាំ​ជ្រៅ​ក្នុង​ដួង​ចិត្ត​ក៏​បាន​ចាប់​ប៉ិច​ ពន្លក​ក្នុង​បេះ​ដូង​ក្រពុំ​តាំង​ពី​ពេល​នោះ​មក​។*****អានជីវប្រវត្តិ​ពិស្តារ​របស់​អ្នកស្រី ប៉ិច​ សង្វាវ៉ាន*****